ឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំង Covid-19 វគ្គទីបី ពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសចាប់ផ្ដើមធ្វើឡើងបានមួយថ្ងៃ។
វ៉ាក់សាំង Sinovac វគ្គទីបី ដែលមាន 15 លានដូសនេះ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta ជាយក្រុង Jakarta កាលពីថ្ងៃទី 12 មករាកន្លងទៅ។ មុននេះ ឥណ្ឌូនេស៊ីក៏បានទទួលវ៉ាក់សាំងចំនួន 1.2 លានដូសកាលពីថ្ងៃទី 6 ធ្នូ 2020 និង 1.8 លានដូសទៀតកាលពីថ្ងៃទី 31 ខែធ្នូ 2020។
ក្រសួងសុខាភិបាលប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា បច្ចុប្បន្នមានអ្នកជំងឺ Covid-19 ចំនួនជាង 123,000 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ។
មុននេះ កាលពីថ្ងៃទី 11 មករា ការិយាល័យគ្រប់គ្រងអាហារ និងឱសថនៃប្រទេសឥណ្ឌូនេស៊ី (BPOM) បានផ្ដល់វិញ្ញបនបត្រអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac។ ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលចុងក្រោយនៅក្នុងស្រុក Bandung ខេត្ត Java ខាងលិចនៃប្រទេសនេះ បង្ហាញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព 65.3% ទាបជាងបើធៀបនឹង 91.24% និង 78% ដែលត្រូវបានប្រទេសទួរគី និងប្រេស៊ីលលើកឡើង ប៉ុន្តែក៏នៅតែខ្ពស់ជាងបើធៀបនឹង 50% របស់អង្គការសុខភាពពិភពលោក។
កាលពីថ្ងៃទី 11 មករា ក្រុមប្រឹក្សាអ៊ីស្លាមសាសនា Ulema Indonesia (MUI) ក៏បានទួលស្គាល់ថា វ៉ាក់សាំង Sinovac បានឆ្លើយតបនឹងស្ដង់ដា halal និងបានអនុញ្ញាតឱ្យអ៊ីស្លាមសាសនិកប្រើប្រាស់។ EUA របស់ BPOM និង fatwa របស់ MUI បានបើកផ្លូវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីចាប់ផ្ដើមដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី 13 មករានេះ។
តាមគម្រោង ប្រធានាធិបតី Joko Widodo នឹងជាអ្នកដំបូងគេដែលត្រូវបានចាក់វ៉ាក់សាំង Sinovac នៅក្នុងពិធីមួយដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ក្នុងបំណងលើកទឹកចិត្តដល់ប្រជាជនក្នុងការទទួលយកវ៉ាក់សាំងនេះ។ បន្ទាប់ពីលោក Joko Widodo បុគ្គលិកសុខាភិបាលចំនួន 1.3 លាននាក់នឹងទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង Covid-19 ក្នុងដំណាក់កាលដំបូង។ ដំណាក់កាលទីពីរនឹងត្រូវបានចាក់ជូនបុគ្គលិកជួរមុខចំនួន 21.5 លាននាក់ផ្សេងទៀត រួមនឹងក្រុមមនុស្សដែលមានវ័យចាប់ពី 60 ឆ្នាំឡើងទៅ។ បន្ទាប់មកទៀត ពលរដ្ឋ 63.9 លាននាក់នៅតំបន់ងាយរងគ្រោះ នឹងត្រូវបានចាក់វ៉ាក់សាំងក្នុងដំណាក់ទីបី៕
ប្រភព៖ Jakartapost