Skip to content

បារាំង​ទទួល​វ៉ាក់សាំង Covid-19 វគ្គ​ដំបូង​ពី​ក្រុមហ៊ុន Moderna

ក្នុង​ថ្ងៃទី 11 ខែមករា​នេះ បារាំង​នឹង​ទទួលបាន​វ៉ាក់សាំង Covid-19 ជាង 50,000 ដូ​ស ពី​ក្រុមហ៊ុន​ឱសថ Moderna ដែល​ទើបតែ​ត្រូវបាន​សហភាព​អឺរ៉ុប (EU) អនុម័ត ដើម្បី​ប្រើប្រាស់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​នៅក្នុង​តំបន់​ទាំងឡាយ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ។

នៅក្នុង​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី 10 ខែមករា ក្រសួងសុខាភិបាល​បានឱ្យដឹងថា វ៉ាក់សាំង​វគ្គ​ដំបូង​របស់ Moderna នេះ រួមមាន 51,600 ដូ​ស។

នៅលើ​រលក​វិទ្យុ Europe 1 រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង Olivier Veran សង្កត់ធ្ងន់ថា វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវបាន​បញ្ជូនភ្លាមៗទៅកាន់​តំបន់​ដែល​កំពុង​រង​ការឆ្លង​រាលដាល​ខ្លាំង​បំផុត ក្នុងនោះ​មានដូចជា ទីក្រុង Mulhouse, Colmar, Strasbourg, Reims, Nancy, Metz, Lons-le-Saunier, Besançon, Dijon, Moulins, Nice និង​ទីក្រុង Toulon។

តាម​ផែនការ រហូតដល់​ចុងខែ​ឧសភា បារាំង​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Moderna ប្រមាណ​ជា 8 លាន​ដូ​ស​បន្ថែមទៀត។ សម្រាប់​វ៉ាក់សាំង​នេះ គ្រប់គ្នា​នឹងត្រូវ​ចាក់​ពីរលើក ដោយ​ចាក់​ចន្លោះ​ពីគ្នា​យ៉ាងតិច 28 ថ្ងៃ។

អំពី​ការចាក់​វគ្គ​ដំបូង​ដែល​ប្រើប្រាស់​វ៉ាក់សាំង BioNTech/Pfizer លោក Olivier Veran ឱ្យដឹងថា មកដល់​ចុង​សប្ដាហ៍​កន្លងទៅនេះ មនុស្ស​ចំនួន​ជាង 100,000 នាក់ បាន​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ។

ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ បារាំង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ចំនួន​ជិត 16,000 ករណី និង​ក្នុងនោះ​មាន 151 នាក់​បាន​បាត់​បង់ជីវិត៕

ប្រភព៖ France24

Leave a Reply

Your email address will not be published. Required fields are marked *