ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។
ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។
ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួលទានបានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួលទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។
ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បាន គឺជារឿងល្អខ្លាំងណាស់ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងស្ត្រីគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះជាប្រក្រតី បេះដូងរបស់ស្រ្តីនឹងធ្វើការកើនឡើង 10 – 15ភាគរយស្រាប់ហើយក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពលផ្សេងៗដែលគួរបានបញ្ជូនទៅឱ្យកូនក្នុងផ្ទៃ អាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយវិញ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយបើស្ថិតក្នុងអាការបែបនេះក្នុងរយៈពេលវែង អាចនឹងហុចផលឱ្យកូនក្នុងគភ៌មានខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។
ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយ នឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុង 1ថ្ងៃ 1កែវ ដែលនេះជាបរិមាណដែលអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីនចេញ គឺជាការល្អបំផុត៕