អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង “ការចិញ្ចឹមកូនដោយទឹកដោះម្តាយ” ព្រោះមានអ្នកម្តាយជាច្រើននាក់ ដែលប្រសូតបុត្ររួចហើយ ទឹកដោះមិនបានហូរចេញមកភ្លាមៗ ឯអ្នកម្តាយខ្លះទៀត ក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើខ្លួនបានត្រៀមរួចរាល់ក្នុងការបំបៅទឹកដោះកូនហើយឬនៅ?ជាដើម ទើបកើតចេញជាសំណួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។
1-បៅដោះម្តាយហើយ កូនក្អែ ក្អួតចេញមកវិញ នេះបញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?
រឿងនេះមិនអីទេ…បើកូនក្អែទឹកដោះចេញមកវិញ ចូរគិតមុនគេថា តើអ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? និងដែលឃើញកូនស្រែកយំញឹកញាប់នោះ កូនអាចនឹងមិនបានឃ្លានមឹមទេ តែអាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំ ក៏គួរតែពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ គិតតែពីលើកកូនមកបំបៅដោះតែម្យ៉ាងនោះទេ ព្រោះនេះមិនមែនជារឿងល្អប៉ុន្មានឡើយ។
2-ម្តាយកើតប្រតិកម្មចាញ់(អាលែកហ្ស៊ី)នៅលើរាងកាយ តើឱ្យកូនបៅទឹកដោះបានឬទេ?
អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី…តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។
3-មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយ តើគ្រប់គ្រាន់ឬទេ?
បើអ្នកម្តាយមានគភ៌កូនភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ ហើយរាងកាយនឹងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។
4-ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?
បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងទាំងនេះស្រេចទៅហើយ ហើយនិងណែនាំពីវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះទេ ព្រោះកូននឹងចេះរិះរកវិធីបឺតជញ្ជក់ទឹកដោះពីម្ដាយបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។
5-កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី
មិនដែលមានករណីបែបហ្នឹងទេ…ព្រោះទឹកដោះម្តាយងាយរំលាយណាស់ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូននឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួតទេ តែកូននឹងគេងលក់ស្រួល និងបៅទឹកដោះស្រួលទៀតផង។
6-កូនខ្លួនឡើងពណ៌លឿង តើត្រូវតែបានទទួលទឹកដោះម្តាយភ្លាមឬ?
ទារកភាគច្រើន ខ្លួននឹងឡើងពណ៌លឿង បណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់ដែលធ្វើការមិនទាន់បានល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាមៗ ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។
7-ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅកូនបានតាមប្រក្រតី…លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអាការគ្រុនក្តៅបណ្ដាលពីមេរោគបាក់តេរី អាចធ្វើឱ្យកូនឈឺថ្កាត់បាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោរ ឬឈឺកនោះ អាចបំបៅទឹកដោះកូនតូចបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបដោយខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលប៉ះពាល់ដល់ទារកដែលបៅទឹកដោះម្តាយ។ គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ មុនពេលទិញថ្នាំជានិច្ច។
8-អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?
អាចបំបៅទឹកដោះកូនបានដូចប្រក្រតី…តែនៅក្នុងអំឡុងពេលដែលដោះស្ទះ នឹងមានអារម្មណ៍ថា ថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។
ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានដូចគ្នា៕