សាធារណរដ្ឋផៅឡូ អាចក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដំបូងគេក្នុងពិភពលោកដែលបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 បើទោះជាមិនទាន់មានអ្នកឆ្លងវីរុសនេះក៏ដោយ។
សាធារណរដ្ឋផៅឡូ (Palau) ដែលជាប្រទេសកោះមួយមានប្រជាជនសរុប 18,000 នាក់ កាលពីថ្ងៃទី 2 ខែមករា បានទទួលវ៉ាក់សាំង Covid-19 លើកទីមួយពីក្រុមហ៊ុនអាមេរិក Moderna។ ក្រសួងសុខាភិបាលប្រទេសនេះ បានប្រកាសនៅលើទំព័រ Twitter ថា យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្ដើមចាប់ពីថ្ងៃទី 3 ខែមករា ឆ្នាំ 2021។
វ៉ាក់សាំងចំនួន 2,800 ដូសដំបូង ដែលបានបញ្ជូនដល់ប្រទេសនេះ ត្រូវបានចាក់ជូនក្រុមមនុស្សអាទិភាពដំបូង រួមមាន បុគ្គលិកសុខាភិបាលជួរមុខ ក្រុមមន្ត្រីសំខាន់ៗ និងក្រុមពលរដ្ឋងាយរងគ្រោះ ក្នុងនោះ ម្នាក់ៗនឹងត្រូវបានចាក់ពីរម្ជុលដែលមានគម្លាតពីគ្នា 28 ថ្ងៃ។
អង្គការសុខាភាពពិភពលោក (WHO) បានឱ្យដឹងថា សាធារណរដ្ឋផៅឡូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសភាគតិចក្នុងពិភពលោកដែលមិនទាន់មានអ្នកឆ្លងវីរុស Covid-19 និងអ្នកស្លាប់ដោយសារវីរុសនេះ។ កាលពីខែមករា ឆ្នាំ 2020 នៅពេល Covid-19 បានចាប់ផ្ដើមរាតត្បាតតំបន់អាស៊ីប៉ាស៊ីហ្វិក ផៅឡូ គឺជាប្រទេសដែលបានចាប់ផ្ដើមប្រើប្រាស់វិធានការរឹតបន្តឹងព្រំដែនយ៉ាងតឹងរ៉ឹងបំផុត។
ផៅឡូបានចាប់ផ្ដើមបិទច្រកព្រំដែននៅក្នុងខែមីនា និងចាប់ផ្ដើមធ្វើតេស្តរកវីរុស Covid-19 ជូនពលរដ្ឋនៅក្នុងខែមេសា។ វិធានការទាំងនេះបានរួមចំណែកជួយឱ្យប្រទេសកោះមួយនេះ រួចផុតពីការរាតត្បាតរបស់ Covid-19។ នេះបើតាមការចែករំលែករបស់ឯកអគ្គរដ្ឋទូតប្រទេសផៅឡូនៅអង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ 2020។
ជាប្រទេសឯករាជ្យ និងមានទំនាក់ទំនងសេរីជាមួយសហរដ្ឋអាមេរិក ផៅឡូ បានទទួលផលប្រយោជន៍ពីកម្មវិធីចាក់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ឬហៅថា យុទ្ធនាការអភិវឌ្ឍវ៉ាក់សាំងមហាលឿនដែលមានឈ្មោះថា Operation Warp Speed (OWS)។
ប្រទេសកោះ ផៅឡូ មានផ្ទៃដីត្រឹមតែ 459 គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ដែលនេះស្មើនឹង 1/6 នៃទំហំផ្ទៃដីរបស់ Rhode Island ជារដ្ឋតូចបំផុតនៅសហរដ្ឋអាមេរិក។ ជាមួយនឹងផ្ទៃក្រឡាតូចបែបនេះ ផៅឡូ អាចក្លាយជាប្រទេសដំបូងគេមួយក្នុងពិភពលោកដែលបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19។
តាមគម្រោងដំបូង ផៅឡូ នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងខែឧសភា ប៉ុន្តែ Ritter Udui អ្នកទទួលខុសត្រូវលើស្ថានភាពបន្ទាន់របស់ក្រសួងសុខាភិបាល បាននិយាយថា ដំណាក់កាលបញ្ចប់យុទ្ធនាការនេះអាចនឹងយឺតជាងការគ្រោងទុក ដោយសារតែមានការពន្យារពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងពីសហរដ្ឋអាមេរិក។
«ការចាក់វ៉ាក់សាំងមិនត្រូវបានចាប់បង្ខំនោះទេ ដូច្នេះទើបគោលដៅរបស់យើងគឺត្រូវចាក់វ៉ាក់សាំងឱ្យបាន 80% នៃប្រជាជនសរុប» Udui ថ្លែងបែបនេះ។
Sylvia Osarch អាយុ 60 ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែកមនុស្សចាស់ គឺជាមនុស្សដំបូងគេនៅផៅឡូ ដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 ដែលបានធ្វើឡើងកាលពីថ្ងៃទី 3 ខែមករា។
ផៅឡូបានជ្រើសរើសវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក ព្រោះថាវាអាចត្រូវបានរក្សាទុកក្នុងទូទឹកកកប្រភេទស្ដង់ដា ជំនួសឱ្យការរក្សាទុកក្នុងសីតុណ្ហភាព -70 អង្សាសេដូចជាវ៉ាក់សាំងរបស់ Pfizer។ ប៉ុន្តែ ក្រុមមន្ត្រីប្រទេសនេះបានឱ្យដឹងថា ផៅឡូ បានទទួលឃ្លាំងត្រជាក់មួយកាលពីចុងខែធ្នូ ឆ្នាំ2020 ដែលអាចរក្សទុកវ៉ាក់សាំង 5,000 ដូសរបស់ក្រុមហ៊ុន Pfizer៕
ប្រភព៖ CNN