ស្រ្តីមានគភ៌ត្រូវការកម្លាំងថាមពលបន្ថែមឡើងពី 150 – 350កាឡូរីក្នុង 1ថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុង 1ថ្ងៃ។ ដូច្នេះខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្រ្តីមានគភ៌ចាំបាច់ត្រូវតែបានទទួល។
ហ្វូលេត ៈ ស្រ្តីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុហ្វូលេតខ្លាំងណាស់ ដូចជា ការមានគភ៌កូនភ្លោះ ការទទួលទានថ្នាំការពារប្រកាច់ ជាដើម ដូច្នេះហើយទើបស្ត្រីមានគភ៌ គួរបានទទួលសារធាតុហ្វូលេតបន្ថែមយ៉ាងតិច 200 – 400មីក្រូក្រាម ហើយហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទទារកដែលមិនបិទ( Neural Tube Defect)ទៀតផង។
សារធាតុដែក ៈ ស្រ្តីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម។ ឡារ៉ែនសូមណែនាំឱ្យទទួលយកសារធាតុដែកពីអាហារឱ្យបាន 30 – 60មីល្លីក្រាមក្នុង 1ថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី 300 – 600មីល្លីក្រាមក្នុង 1ថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ដូច្នេះហើយទើបក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដា តែងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែស្រ្តីណាដែលរកឃើញថា មានជំងឺឈាមស្លេក ដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានកម្មវិធីបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្រ្តីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។
វីតាមីនB12 ៈ បើមានវីតាមីនក្នុងកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្រ្តីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយប្រថាន ដែលអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។
កាល់ស្យូម ៈ កាល់ស្យូម មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារក នៅពេលតាំងគភ៌ ស្ត្រីនឹងមានតម្រូវការកាល់ស្យូមកើនឡើង 122 – 167ភាគរយ ឬគួរបានទទួលជាតិកាល់ស្យូមយ៉ាងតិចបំផុត 1ក្រាមក្នុង 1ថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្រ្តីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះសភាវគភ៌មានជាតិពុលបានទៀតផង។
វីតាមីន A ៈ មានសម្ព័ន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌ នឹងក្លាយជាមូលហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ 1ថ្ងៃ 5,000IU បើទទួលបានច្រើនជាង 10,000 IU ទារកនៅក្នុងផ្ទៃនឹងប្រថុយប្រថានក្នុងការកើតសភាវពិការ ជាពិសេសនៅលើប្រព័ន្ធបញ្ចេញទឹកមូត្រ។
ដូច្នេះហើយទើបការជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌គួរស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អប្រសើរ៕