តើមិត្តអ្នកអានដែលសង្កេតមើលអ្នកនៅជិតៗយើងខ្លះទេថា ហេតុអីបានជាគេសង្កៀតធ្មេញនៅពេលគេងលក់? មានការសិក្សាស្រាវជ្រាវដែលព្យាយាមអធិប្បាយអំពីមូលហេតុរបស់អាការគេងសង្កៀតធ្មេញ និងមានផលប៉ះពាល់ចំពោះសុខភាពយ៉ាងណា និងមានភ័ស្តុតាងអះអាងហើយថា ស្ថានភាពរបស់ផ្លូវចិត្ត និងអារម្មណ៍មានចំណែកពាក់ព័ន្ធជាមួយការគេងសង្កៀតធ្មេញដែលបាននិយាយមកខាងលើ។ កម្រិតរបស់ការគេងសង្កៀតធ្មេញ នឹងមានភាពខុសប្លែកពីគ្នាខ្លាំងនៅលើមនុស្សម្នាក់ៗ ដោយនឹងមានចំណែកពាក់ព័ន្ធជាមួយភាពតានតឹងធុញថប់ សភាវរបស់អារម្មណ៍ និងសភាវអាសន្ន ដែលមាននៅក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការលែងលះគ្នា ការអត់ការងារធ្វើ ឬក្នុងអំឡុងពេលប្រឡង ជាដើម។
មានមនុស្សមួយចំនួននិយាយថា អ្នកដែលមានអាការគេងសង្កៀតធ្មេញនេះ ស្ទើរតែគ្មានភាពខុសប្រក្រតីខាងផ្នែកផ្លូវចិត្តឡើយ តែនឹងមានបុគ្គលិកភាពដែលមានសញ្ញាថា នឹងកើត ឬងាយនឹងកើនភាពតានតឹងធុញថប់បាន។ ជាមនុស្សដែលមានអារម្មណ៍ច្រងេងច្រងាង និងជាមនុស្សដែលវិតក្កកង្វល់ ឬ Hyperactive បានយ៉ាងងាយ តែ ច្រើនតែមិនឃើញមានភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទចូលមកពាក់ព័ន្ធឡើយ។ អាការគេងសង្កៀតធ្មេញនេះ អាចមានមូលហេតុមកពីថ្នាំដែលទទួលទានក៏អាចថាបានដែរ តែស្ថិតក្នុងភាគរយតិចបំផុត។ ក្រៅពីនេះនៅមានរបាយការណ៍ដោយឡែកមួយទៀតថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ក៏អាចធ្វើឱ្យកើតអាការគេងសង្កៀតធ្មេញបានដែរ។
អ្នកគេងសង្កៀតធ្មេញជាច្រើននាក់ មិនបានដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញនោះឡើយ គេសង្កេតឃើញថា មានត្រឹមតែ 10%នៃចំនួនមនុស្សធំ និង 5%នៃចំនួនកុមារដែលគេងសង្កៀតធ្មេញប៉ុណ្ណោះ ដែលដឹងថា ខ្លួនឯងមានអាការគេងសង្កៀតធ្មេញ ដោយមនុស្សទាំងនោះច្រើនតែដឹងថា ខ្លួនឯងគេងសង្កៀតធ្មេញ តាមរយៈការឮសូរសំឡេងខាំសង្កៀតធ្មេញរបស់ខ្លួនឯង ពីមិត្តភក្តិ ឬអ្នកដែលគេងក្បែរប្រាប់ឱ្យដឹង។ យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលមានអាការគេងសង្កៀតធ្មេញទាំងអស់ នឹងមានត្រឹមតែ 20% ប៉ុណ្ណោះ ដែលកើតមានសំឡេងធ្វើឱ្យអាចឮបាន ដូច្នេះការដែលចង់វិនិច្ឆ័យថា ខ្លួនឯងគេងសង្កៀតធ្មេញមែន ឬអត់នោះ ចាំបាច់ត្រូវអាស្រ័យលើការពិនិត្យយ៉ាងល្អិតល្អន់ពីគ្រូពេទ្យធ្មេញ។ ដោយគ្រូពេទ្យធ្មេញនឹងពិចារណាពីអង្គប្រកបជាច្រើនទៀត ដូចជា លក្ខណៈការសឹករបស់ធ្មេញ លក្ខណៈរបស់សាច់ដុំ និងផ្សេងៗទៀត ជាពិសេសអាការឈឺចុករួយនៃសាច់ដុំធ្គាម ពេលភ្ញាក់ពីគេងជាដើម។
មូលហេតុរបស់ការគេងសង្កៀតធ្មេញ មកពីភាពតានតឹងធុញថប់ និងមូលហេតុមួយទៀត មកពីប្រអប់មាត់ដោយផ្ទាល់ ដែលធ្មេញរវាងជួរខាងក្រោមនឹងជួរខាងលើ មានចន្លោះដោយសារការធ្វើធ្មេញ ប៉ះធ្មេញ ឬទៅពត់តម្រង់ធ្មេញជាដើម ទើបធ្វើឱ្យនៅពេលគេងលក់ ធ្មេញព្យាយាមកម្ចាត់ចំណុចទាបខ្ពស់មិនស្មើគ្នានៅត្រង់នោះ។
ផលអាក្រក់ពីការគេងសង្កៀតធ្មេញ នឹងធ្វើឱ្យធ្មេញសឹករេចរឹលអស់ជារឿយៗ ក្នុងករណីដែលសង្កៀតធ្មេញខ្លាំង ធ្មេញនឹងសឹកចូលដល់ប្រហោងប្រសាទធ្មេញ ធ្វើឱ្យស្រៀវធ្មេញ ឈឺធ្មេញ រហូតដល់ត្រូវព្យាបាលឫសធ្មេញនៅទីបំផុត។
វិធីការពារព្យាបាល អាការគេងសង្កៀតធ្មេញ ក្នុងករណីដែលបណ្តាលមកពីភាពតានតឹងធុញថប់ ចូរព្យាយាមបន្ធូរបន្ថយអារម្មណ៍ និងឧស្សាហ៍ហាត់ប្រាណ ដើម្បីបញ្ចេញសារធាតុអេនដូហ្វ៊ីន ឱ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ។ អាការគេងសង្កៀតធ្មេញនេះ លោកគ្រូពេទ្យមិនអាចព្យាបាលឱ្យជាដាច់ 100%បានទេ តែជាការជួយសម្រាល មិនឱ្យធ្មេញសឹករេចរឹលខ្លាំងឡើងប៉ុណ្ណោះ។
លោកគ្រូពេទ្យបានណែនាំថា បើមិនដឹងថា តើខ្លួនឯងគេងសង្កៀតធ្មេញ ឬក៏អត់នោះ ចូសួរអ្នកដែលគេងក្បែរ ឬទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា តើធ្មេញមានសឹក ឬបែកបាក់ដែរឬទេ? និងវិធីមួយទៀតដែលអាចពិនិត្យមើលដោយខ្លួនឯងបាននោះគឺ នៅពេលភ្ញាក់ឡើងមានអារម្មណ៍ឈឺចុករួយធ្គាមដែរឬទេ? ជួនកាលអាចឈឺរាលឡើងទៅដល់ក្បាល ឬមានអារម្មណ៍ថាចុករួយក ដែលអ្នកខ្លះអាចនឹងគិតថា ដោយសារតែគេងធ្លាក់ពីលើខ្នើយ ឬគេងខុសឥរិយាបថ តែមូលហេតុពិតប្រាកដវិញ គឺបណ្តាលមកពីការគេងសង្កៀតធ្មេញខ្លាំងៗហ្នឹងឯង៕