នាយករដ្ឋមន្ត្រីអង់គ្លេសបានចេញបទបញ្ជាដាក់បម្រាមគោចរទូទាំងប្រទេស អំពាវនាវឱ្យប្រជាជននៅក្នុងផ្ទះ និងបិទទ្វារសាលារៀនដើម្បីឈានទៅរកការគ្រប់គ្រងស្ថានភាព Covid-19 ក្លាយពូជ។
«មន្ទីរពេទ្យនានាកាន់តែទទួលរងសម្ភាធខ្លាំងដោយសារ Covid-19 បើធៀបនឹងដំណាក់កាលដំបូងនៃការរាតត្បាតរបស់វីរុសនេះ។ ភាគច្រើន ប្រទេសយើងកំពុងអនុវត្តវិធានការតឹងរ៉ឹង ពិតណាស់ យើងត្រូវការធ្វើច្រើនជាងនេះដើម្បីគ្រប់គ្រងវីរុសក្លាយពូជនេះ។ យើងត្រូវតែដាក់បម្រាមគោចរទូទាំងប្រទេស ហើយរដ្ឋាភិបាល ជាថ្មីម្ដងទៀត សូមណែនាំឱ្យពលរដ្ឋនៅក្នុងផ្ទះ» នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson មានប្រសាសន៍លើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី 4 មករា។
យោងតាមបទបញ្ជាបម្រាមគោចរថ្មីនេះ ហាងលក់ទំនិញមិនចាំបាច់នៅទូទាំងប្រទេស និងទីតាំងទទួលភ្ញៀវនានានឹងត្រូវបន្តបិទទ្វារ។ សាលាបឋម និងមធ្យមសិក្សានឹងចាប់ផ្ដើមបិទទ្វារចាប់ពីថ្ងៃទី 5 មករា ដោយទទួលតែសិស្សងាយរងគ្រោះ ឬកូនៗរបស់ក្រុមពលករដែលធ្វើការក្នុងវិស័យចាំបាច់ក្នុងសង្គម។
នាយករដ្ឋមន្ត្រីបានឱ្យដឹងថា បទបញ្ជាខាងលើអាចនឹងត្រូវបានបន្ធូរបន្ថយចចាប់ពីពាក់កណ្ដាលខែកុម្ភៈ បើសិនជាកម្មវិធីចាក់វ៉ាក់សាំងដំណើរការរលូតដូចបានគ្រោងទុក។
បច្ចុប្បន្ន អង់គ្លេសគឺជាសម្បុកវីរុសធំជាងគេលំដាប់ទីប្រាំក្នុងពិភពលោក ដោយមានអ្នកឆ្លង Covid-19 សរុបជាង 2.7 លាននាក់ ក្នុងនោះមានជាង 75,000 នាក់បានបាត់បង់ជីវិត៕
ប្រភព៖ Reuters