តិចណូឡូជីក្នុងពេលបច្ចុប្បន្ននេះបានឈានទៅមុខឆ្ងាយណាស់ វិវឌ្ឍនាការថ្មីៗចូលមកមានចំណែកជួយឱ្យកើតមានភាពងាយស្រួលកាន់តែច្រើនឡើង តែ ការដែលមនុស្សយើងស្រួលខ្លាំងពេក ក៏នឹងធ្វើឱ្យមិនសូវមានឱកាសបានប្រើខួរក្បាល និងពឹងផ្អែកតែលើតិចណូឡូជីច្រើនឡើង។ តែសម្រាប់ខួរក្បាលវិញ ប្រៀបដូចជាផ្លែកាំបិតអ៊ីចឹង រឹតតែសំលៀង រឹតតែមុត រឹតតែមិនបានប្រើ រឹតតែរឹលមុខ ដូច្នេះទើប ឡា រ៉ែនមានវិធីមើលថែទាំខួរក្បាលរបស់យើងឱ្យអភិវឌ្ឍទៅមុខគ្រប់ពេលវេលា មកជម្រាបជូនដូចតទៅ ៈ
-ញ៉ាំដើម្បីឱ្យខួរក្បាលល្អ
មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮពាក្យថា “ញ៉ាំបែបណា រាងកាយនឹងបានបែបនោះ” មកខ្លះហើយ តែទោះជាដឹងបែបនេះហើយក៏ដោយ ក៏មនុស្សភាគច្រើននៅតែមិនសូវរវីរវល់នឹងអាហារពេលព្រឹកដដែល ដោយសារតែភាពប្រញាប់ប្រញាល់ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃហ្នឹងឯង។ ការញ៉ាំអាហារពេលព្រឹកនឹងធ្វើឱ្យរាងកាយដុតបំផ្លាញកម្លាំងថាមពលកាន់តែច្រើនឡើង និងថែមទាំងជួយក្នុងរឿងសភាវជាតិស្ករនៅក្នុងឈាមទាបទៀតផង ដោយសារតែយើងអត់អាហារមកពេញ 1យប់ហើយ។ បើនរណាញ៉ាំអាហារពេលព្រឹកជាប់ជាប្រចាំនោះ នឹងធ្វើឱ្យការចងចាំល្អប្រសើរឡើង តែយ៉ាងណាក៏ដោយ ក៏គួរតែជ្រើសរើសញ៉ាំតែអាហារណាដែលល្អ មានគុណប្រយោជន៍ និងមានអនាម័យផង។
-គិតដើម្បីឱ្យខួរក្បាលល្អ
សាកល្បងសង្កេតមើលថា ថ្ងៃណាដែលយើងភ្ញាក់នៅពេលព្រឹកឡើង ហើយដឹងថា មានអារម្មណ៍ល្អនោះ ថ្ងៃនោះពេញ 1ថ្ងៃ យើងនឹងមានអារម្មណ៍ល្អរហូត តែបើថ្ងៃណាយើងមានអារម្មណ៍ថា រាងធុញៗ ឬជួបនឹងរឿងមិនល្អតាំងពីព្រឹកនោះ អារម្មណ៍នោះនឹងនៅដក់ជាប់ក្នុងចិត្តពេញ 1ថ្ងៃ ធ្វើអ្វីក៏នឹងរអាក់រអួលទាំងអស់។ ដូច្នេះ បើចង់ឱ្យមានតែរឿងល្អៗកើតឡើង និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្រឡះល្អ គិតអ្វីក៏ចេញដែរនោះ ត្រូវគិត ឬនឹកតែរឿងល្អៗ ចំណែកឯរឿងអាក្រក់ៗនោះ ក៏បំភ្លេចវាចោលទៅ។
-សម្រាក និងងាកទៅរកខ្យល់អាកាសបរិសុទ្ធ
ការសម្រាកលម្ហែកាយឱ្យសប្បាយចិត្ត ក្រោយពីធ្វើការយ៉ាងធ្ងន់ធ្ងររួចហើយ គឺជារឿងសំខាន់ណាស់ ព្រោះខួរក្បាលនឹងបានសម្រាកពីរឿងសំខាន់ និងរឿងរ៉ាវដែលគួរឱ្យធុញទ្រាន់ផ្សេងៗដែលបានជួបជាប្រចាំនោះ។ ក្នុង 1ឆ្នាំអាចនឹងមាន 2-3ថ្ងៃ ដែលអ្នកគួរជ្រើសរើសក្នុងការធ្វើដំណើរទៅតាមខេត្ត ដើម្បីរកកន្លែងសម្រាកលម្ហែកាយបែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យខួរក្បាលបានសម្រាក រួមទាំងស្វែងរកខ្យល់អាកាសដែលប្រាសចាកជាតិពុល ដើម្បីបន្ថែមថាមពលដល់ខួរក្បាល។
-រៀនយល់ដឹងរឿងថ្មីៗ
ការអភិវឌ្ឍខួរក្បាលឱ្យបានផលល្អម្យ៉ាងទៀតនោះគឺ ព្យាយាមរៀនយល់ដឹងពីរឿងថ្មីៗគ្រប់ពេលវេលា ដូចជា តិចណូឡូជីថ្មីៗ រឿងរ៉ាវវេជ្ជសាស្រ្តថ្មីៗ ឬសូម្បីតែមុខម្ហូបឆ្ងាញ់ៗដែលអ្នកមិនធ្លាប់បានភ្លក្សក៏ដោយ ក៏អាចនិយាយបានថា ជាការធ្វើឱ្យខួរក្បាលបានអភិវឌ្ឍដូចគ្នាដែរ។ ការលេងហ្គេមពាក្យខ្វែង ក៏អាចធ្វើឱ្យការចងចាំបានល្អឡើងដល់ទៅ 40%ឯណោះ។
-សរសេរអក្សរដោយដៃដែលមិនថ្នឹក
ការសរសេរ ក៏ជាការអភិវឌ្ឍខួរក្បាលដូចគ្នាដែរ ព្រោះខួរក្បាលផ្នែកឆ្វេងរបស់យើងនោះ គឺជាផ្នែកដែលបញ្ជាលើការសរសេរ បើអ្នកណាថ្នឹកដៃខាងណាមួយហើយ ចូរសាកល្បងហាត់ប្រើដៃម្ខាងទៀតសរសេរអក្សរ ឬគូររូបម្ដងមើល ដើម្បីឱ្យខួរក្បាលបានរៀនយល់ដឹងនូវអ្វីដែលថ្មីបន្ថែម និងនៅមានចំណែកជួយឱ្យគំនិតខាងច្នៃបង្កើតកើនឡើងទៀតផង។
-ញញឹមជានិច្ច ទោះជាផែនដីជិតផ្ទុះក៏ដោយ ក៏នៅតែញញឹមដែរ
ពេលដែលយើងធ្វើអ្វីក៏ដោយ បើយើងញញឹម មនុស្សជុំវិញយើងនឹងបានដឹងពីអារម្មណ៍ល្អៗរបស់យើង តែគួរញញឹមចេញមកពីខាងក្នុង កុំប្រឹង ឬបង្ខំចិត្ត។ បើអ្នកចេះញញឹម នឹងធ្វើឱ្យខួរក្បាលមានតែរឿងល្អៗ មានសេចក្តីសុខ។ ការញញឹមជាប្រចាំ និងបន្តបន្ទាប់ រាងកាយនឹងបញ្ចេញអេនដូហ្វ៊ីន ជាសារធាតុដែលនឹងទៅបញ្ចេញឫទ្ធិធ្វើឱ្យកែវភ្នែកមានពន្លឺភ្លឺថ្លា។
-ដកដង្ហើមជួយឱ្យខួរក្បាលភ្លឺថ្លា
ការដកដង្ហើមយ៉ាងត្រូវវិធី មានចំណែកជួយអភិវឌ្ឍខួរក្បាលឱ្យបានផលល្អច្រើនណាស់ ព្រោះខួរក្បាលរបស់យើងប្រើអុកស៊ីហ្ស៊ែនច្រើនដល់ទៅ 20 – 25% របស់អុកស៊ីហ្ស៊ែនទាំងអស់ដែលចូលទៅក្នុងរាងកាយ ដូច្នេះបើយើងចេះដកដង្ហើម ចូល – ចេញ យឺតៗ វែងៗ ត្រឹមតែ 1ថ្ងៃ 15នាទីនោះ នឹងធ្វើឱ្យខួរក្បាលបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងមិនខាន។
-ចូលគេងពីក្បាលព្រលប់
ខាងក្នុងរាងកាយមនុស្សយើងមាននាឡិកាសរីរាង្គ ដូច្នេះបើយើងចូលគេងក្នុងអំឡុងពេលដែលរាងកាយបញ្ចេញសារធាតុ មេឡាថូនីននោះ នឹងធ្វើឱ្យរាងកាយ និងខួរក្បាលបានទទួលការសម្រាកយ៉ាងពេញទំហឹង៕