ពិភពលោកបានរកឃើញមនុស្សជាង 85.4លាននាក់ វិជ្ជមាននឹង Covid-19 ក្នុងនោះមានជាង 1.85លាននាក់បានស្លាប់។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភខ្លាំងអំពីហានិភ័យនៃការផ្ទុះឆ្លងរាលដាលថ្មីនៅក្រោយការឈប់សម្រាកថ្ងៃបុណ្យ។
ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ ពិភពលោកបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 538,797 នាក់ និងអ្នកស្លាប់ថ្មីចំនួន 7,715 នាក់ ធ្វើឱ្យអ្នកវិជ្ជមាននឹងវីរុសនេះសរុបកើនដល់ 85,455,471នាក់ និងអ្នកស្លាប់សរុបកើនដល់ 1,850,112នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន 60,387,163នាក់។ នេះបើតាមគេហទំព័រ Worldometers។
សហរដ្ឋអាមេរិកគឺជាសម្បុកវីរុស Covid-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកវិជ្ជមានសរុប 21,080,684នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន 360,027នាក់ បន្ទាប់ពីបានរកឃើញអ្នកឆ្លងវីរុសថ្មីចំនួន 161,493នាក់ និងអ្នកស្លាប់ថ្មីចំនួន 1,336នាក់ ក្នុងអំឡុង 24ម៉ោងកន្លងទៅនេះ។ ក្នុងខែចុងក្រោយនៃឆ្នាំ 2020 ប្រទេសនេះ មានអ្នកឆ្លងវីរុសដល់ទៅជាង 6.4លាននាក់ និងអ្នកស្លាប់ជាង 77,000នាក់។
ក្រុមមន្ត្រីសុខាភិបាល កាលពីថ្ងៃទី 3មករា ឆ្នាំ2021 បានព្រមានថា ថ្ងៃខែដ៏អាក្រក់នៅតែស្ថិតនៅខាងមុខ នៅពេលដែលករណីឆ្លងថ្មីអាចបន្តកើនឡើង ទាក់ទិននឹងសកម្មភាពជួបជុំគ្នាក្នុងរដូវបុណ្យ។
វេជ្ជបណ្ឌិត Anthony S. Fauci ដែលជាអ្នកជំនួញលំដាប់កំពូលផ្នែករោគឆ្លងនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា៖ «នោះគឺជាទិដ្ឋភាព និងសំណាងអាក្រក់បំផុត ប៉ុន្តែ ត្រូវបានព្យាករជាមុនរួចហើយ»។
ប្រភព៖ AFP, Reuters