ប្រទេសសិង្ហបុរី កាលពីថ្ងៃទី 30 ខែធ្នូ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer ដល់ពលរដ្ឋរបស់ខ្លួន ដោយផ្ដល់អាទិភាពដំបូងគេដល់បុគ្គលិកសុខាភិបាល និងពលរដ្ឋវ័យចំណាស់។
តាមគម្រោង រដ្ឋាភិបាលប្រទេសនេះនឹងមានវ៉ាក់សាំងក្នុងបរិមាណគ្រប់គ្រាន់សម្រាប់ពលរដ្ឋ 5.7 លាននាក់ នៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2021 ក្នុងនោះ ពលរដ្ឋសិង្ហបុរី និងជនបរទេសដែលរស់នៅយូរអង្វែងក្នុងប្រទេសនេះនឹងទទួលបានវ៉ាក់សាំងដោយមិនគិតថ្លៃ។
គិតមកដល់បច្ចុប្បន្ន សិង្ហបុរី បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 58,569 នាក់ ក្នុងនោះមាន 29 នាក់បានស្លាប់ និង 58,411 នាក់បានជាសះស្បើយ។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ សិង្ហបុរីរកឃើញអ្នកវិជ្ជមានថ្មីចំនួន 27 ករណីបន្ថែមទៀត។
នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នេះ មានមនុស្សចំនួន 83,060,556 នាក់បានឆ្លងវីរុស Covid-19 ក្នុងនោះមានអ្នកស្លាប់ 1,812,050 នាក់ និងអ្នកបានជាសះស្បើយចំនួន 58,862,045 ខណៈអ្នកកំពុងព្យាបាលចំនួន 22,386,461 នាក់៕