នៅក្នុងបន្ទប់ទទួលភ្ញៀវ ម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹមញញែម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំងជាមួយនឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យានោះ អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម…។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខ្វែងដោយប៊ិចក្រហម ដែលជាសញ្ញាបញ្ជាក់ថា ខុស! ដែលជាកំណែរបស់អ្នកគ្រូពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ និងបញ្ចេញអារម្មណ៍ក្រេវក្រោធឡើងភ្លាមតែម្តង…។
សាកល្បងតាមដានមើលជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើម្តាយនឹងប្រើពាក្យសម្តីជាមួយកូនថាយ៉ាងណាខ្លះ?
- កិច្ចការផ្ទះងាយៗប៉ុនហ្នឹង ក៏ធ្វើខុសដែរ ធំឡើងធ្វើស្អីកើតទៅ!
- ម៉ាក់បង្រៀនលេខប៉ុន្មានដងហើយ ហេតុអីបានមិនចេះចាំសោះអ៊ីចឹង?! គ្មានឃើញពិបាកអីត្រង់ណាសោះ!
- ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
- ហ៊ឺ…ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ?!
- ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងក៏នៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!
ហេតុការណ៍ដូចគ្នានេះមួយទៀត នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជាប្រចាំ។ ម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើកសៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើក។ ពេលឃើញមានសុទ្ធតែសញ្ញាខុសពេញនោះទាំងអស់ ម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយនោះទុកសិន ហើយនិយាយទៅកាន់កូនដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា ៈ
- ធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើ សាកល្បងគិតមើលឱ្យច្បាស់ៗបន្តិចទៅណា៎ កូន…
- ញញឹមបន្តិចមើល៍កូន ម៉ស់! យើងមកសាកល្បងគិតលេខហ្នឹងឡើងវិញម្ដងទៀត យ៉ាងម៉េចដែរ? ម៉ាក់ជឿថា កូនអាចធ្វើបានណា៎…
- ម៉ាក់ចង់ឃើញកូនម៉ាក់ចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ កុំប្រញាប់ ហើយសឹមធ្វើវាឡើងវិញ ម្តង 1ចំណុចៗ ណា៎កូន
- មិនអីទេកូន…ឯណាមើល៍ ប្រាប់ម៉ាក់បានទេថា កូនមិនយល់ត្រង់ណាខ្លះ?
- ព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបានមិនខាន ជឿម៉ាក់ចុះ!
“តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំង 2រូបនេះ យើងមកសាកល្បងប្រៀបធៀបគ្នាទៅមើល៍ និងអាចប្រាប់បានទេថា តើក្មេងៗគ្រប់គ្នាចង់ស្តាប់ប្រយោគ និងពាក្យសម្តីបែបណាខ្លាំងជាងគេ?។ ឡារ៉ែនជឿថា អ្នកម្តាយជាច្រើននាក់ប្រហែលជាជ្រើសរើសយកហេតុការណ៍ទី2 ដែលជាប្រយោគការនិយាយគួរឱ្យចង់ស្តាប់ជាងមិនខាន។ កុមារនឹងក្លាយមនុស្សដែលជួបនឹងភាពបរាជ័យ ឬជួបនឹងភាពជោគជ័យនៅពេលធំឡើង ឬយ៉ាងណានោះ គឺអាស្រ័យលើពាក្យសម្តីដែលជាកម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬមនុស្សដែលកុមារស្រឡាញ់ វានឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈដែលនឹងចាក់ឬសយ៉ាងជ្រៅ ប្រភេទដែលអាចធ្វើឱ្យកុមារធំធាត់ឡើងក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សដែលទទួលបានជោគជ័យ មនុស្សដែលមិនទទួលបានជោគជ័យបាន…ដូច្នេះមនុស្សដែលជាឪពុកម្តាយ គួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានល្អឡើងហើយ”៕