សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុកដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?។ កាលពីលេខមុន យើងបានដឹងខ្លះរួចហើយអំពីការទៅពិនិត្យសុខភាពដើម្បីឱ្យមានអាយុវែង ដូច្នេះលេខនេះ ឡារ៉ែន សូមរៀបរាប់ជាបន្តទៀតដូចតទៅ…។
- ជាតិខ្លាញ់ ត្រៃគ្លីស៊ើរ៉ាយដ៍ (Triglyceride)
ដើម្បីពិនិត្យរកមើលជាតិខ្លាញ់ក្នុងសរសៃឈាមដែលអាចជាមូលហេតុរបស់ជំងឺបេះដូងត្បៀត និងសរសៃឈាមខួរក្បាលរួមតូច។
- អាស៊ីត យូរិកក្នុងឈាម (Uric Acid)
ដើម្បីពិនិត្យមើលរោគឈឺតាមឆ្អឹងសន្លាក់ដៃជើង បើកម្រឹតជាតិអាស៊ីត យូរិក ឡើងខ្ពស់ជាងប្រក្រតី អាចនឹងបង្កឱ្យកើតក្រួសនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។
- ទឹកនោម (Urine)
ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ប្រព័ន្ធបញ្ចេញទឹកនោម ដែលអាចធ្វើឱ្យកើតជំងឺរលាកប្លោកនោម ឬជំងឺក្រលៀន រហូតដល់ការសេសសល់នៃសារជាតិគ្រឿងញៀនផ្សេងៗទៀតផង។
- លាមក (Stool Examination)
ដើម្បីពិនិត្យរកសត្វល្អិត ឬព្រូនផ្សេងៗ និងប្រព័ន្ធបន្ទោបង់ថា តើខុសប្រក្រតីឬទេ ដោយអាចសង្កេតបានតាមរយៈលាមកដែលមានប្រឡាក់ឈាម ដែលអាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ពោះវៀនធំ ឬមានជំងឺឬសដូងបាត។
- ឆ្លុះអិចស៍រេយ៍សួត និងបេះដូង (Chest X-ray)
ដើម្បីពិនិត្យមើលស្ថានភាពសួត សាច់ភ្នាសស្រោបសួត បេះដូង និងឆ្អឹងប្រអប់ទ្រូង ជាពិសេសអ្នកដែលជក់បារី ឬអ្នកដែលទទួលរងសារជាតិពុលដែលមានមេរោគ អាចធ្វើឱ្យសួតខុសប្រក្រតីដែលជាមូលហេតុនៃជំងឺរបេង ជំងឺថង់ខ្យល់ហើម។
- ដំណើរបេះដូង (EKG)
ដើម្បីពិនិត្យមើលការលោតរបស់បេះដូងថា តើមានភាពខុសប្រក្រតីដែរឬទេ ដើម្បីរកមូលហេតុនៃការកើតជំងឺបេះដូងប្រភេទផ្សេងៗ ដូចជា សាច់ដុំបេះដូងខ្វះឈាមមកចិញ្ចឹម ជាដើម។
- អាល់ត្រាសោនដ៍ក្នុងពោះផ្នែកខាងលើ (Ultrasound Upper Abdomen)
ដើម្បីពិនិត្យមើលអវយវៈខាងក្នុងពោះផ្នែកខាងលើថា តើមានភាពខុសប្រក្រតីឬទេ ដែលមានដូចជា ថ្លើម លំពែង ថង់ទឹកប្រមាត់ ក្រលៀន និងសរសៃឈាមខ្នាតធំដោយប្រើគោលការណ៍ស្តាប់សម្លេងខ្ទរមកវិញរបស់រលកសម្លេង។
- អិចស៍រេយ៍ប្រព័ន្ធរំលាយអាហារផ្នែកតំបូង (Upper GI)
គឺជាការអិចស៍រេយ៍ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់បំពង់អាហារ ក្រពះ និងពោះវៀនតូចផ្នែកដំបូងថា តើមានសាច់ដុះ រលាក ឬមានលក្ខណៈខុសប្រក្រតីណាមួយឬក៏អត់?៕