ឈ្មួញបង្កងម្នាក់នៅខេត្ត Sa Kaeo ប្រទេសថៃ បានធ្វើអត្តឃាត ក្រោយពីក្ស័យធននៅពេលស្ថិតក្នុងរលកនៃការធ្វើពហិការមិនទទួលទានជលផលដែលទាក់ទងនឹងសម្បុកវីរុស Covid-19 ថ្មីបំផុតរបស់ប្រទេសនេះ។
នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha កាលពីចុងសប្ដាហ៍មុន បានណែនាំឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្ត្រីរបស់លោក ទទួលទានបង្កងដើម្បីជួយស្ដារឡើងវិញនូវជំនឿរបស់ប្រជាជនចំពោះអាហារនេះ ក្រោយពីមានរលកនៃការធ្វើពហិការទូទាំងប្រទេសចំពោះបង្កងមកពីខេត្ត Samut Sakhon ជាកន្លែងដែលទើបតែមានរលកនៃការផ្ទុះឆ្លងរាលដាលរបស់វីរុស Covid-19។
ការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានធ្វើឡើងបន្ទាប់ពី Chawalit Inchan ដែលជាឈ្មួញបង្កងម្នាក់ អាយុ 31 ឆ្នាំ បានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី 25 ខែធ្នូ នៅខេត្ត Sa Keo។ នៅក្នុងវីដេអូថតដោយខ្លួនឯងនៅមុនការធ្វើអត្តឃាត Chawalit Inchan និយាយថា របរលក់ដូរបង្កងរបស់គាត់បានក្ស័យធន ហើយគាត់មិនអាចសងបំណុលចំនួន 60,000 បាត (ប្រហែល 2,000ដុល្លារអាមេរិក) បានឡើង។
Chawalit Inchan បញ្ជាក់ថា «ខ្ញុំមិនអាចបន្តទៀតបាន។ បើសិនមានជាតិក្រោយពិតមែន ខ្ញុំនឹងត្រលប់មកសងបំណុលទាំងនេះឱ្យអស់មិនខាន»។
ករណីធ្វើអត្តឃាតខាងលើ បានកើតឡើងក្នុងគ្រាដែលពលរដ្ឋថៃ កំពុងមានការភ័យខ្លាចចំពោះការឆ្លងរាលដាលថ្មីនៃ Covid-19 ដែលចាប់ផ្ដើមឡើងដោយករណីឆ្លងនៅលើអ្នកលក់បង្កងនៅផ្សារត្រីមួយកន្លែងក្នុងខេត្ត Samut Sakhon។ ក្នុងរយៈពេល 10 ថ្ងៃកន្លងទៅនេះ ប្រទេសថៃ បានរកឃើញអ្នកផ្ទុកវីរុស Covid-19 ថ្មីដល់ទៅជាង 1,300 ករណី។
ការដែលពលរដ្ឋថៃជាច្រើនមានការព្រួយបារម្ភថា ការទទួលទានបង្កង ឬគ្រឿងសមុទ្រ អាចនាំឱ្យឆ្លងវីរុសនេះ បានបណ្ដាលឱ្យទីផ្សារបង្កងត្រូវជួបការលំបាកខ្លាំង។ «ការភ័យខ្លាចមានលក្ខណជ្រុលហួស» Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យនៃមជ្ឈមណ្ឌលចាត់ការស្ថានការណ៍ Covid-19 របស់រដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃទី 25 ខែធ្នូ។ ក្រុមមន្ត្រីថៃ កំពុងតែព្យាយាមពន្យល់ឱ្យពលរដ្ឋយល់ថា ការទទួលទានបង្កងនឹងមិនអាចនាំឱ្យឆ្លង Covid-19 នោះទេ បើសិនវាជាអាហារឆ្អិន។
ក្រៅពីការភ័យខ្លាចចំពោះបង្កង ពលរដ្ឋថៃមួយចំនួនក៏មានការព្រួយបារម្ភខ្លាចឆ្លង Covid-19 ពីពលករមកពីប្រទេសមីយ៉ានម៉ា ជាក្រុមមនុស្សដែលត្រូវថៃជឿថា ជាប្រភពចម្លង Covid-19 នៅក្នុងខេត្ត Samut Sakhon ទៀតផង៕
ប្រភព៖ Khaosod