ប្រទេសអាហ្វ្រិកខាងត្បូងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ជាងមួយលាននាក់ នៅក្នុងស្ថានភាពដែលវីរុសក្លាយពូជឈ្មោះ 501.V2 កំពុងឆ្លងរាលដាលយ៉ាងលឿននៅក្នុងប្រទេសនេះ។
យោងតាមទិន្នន័យនៅលើទំព័រ World Ometers បច្ចុប្បន្ន ប្រទេសអាហ្វ្រិកខាងត្បូង មានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 1,004,413 នាក់ ក្នុងនោះមាន 26,735 នាក់ បានបាត់បង់ជីវិត ខណៈអ្នកជំងឺ 1,038,766 នាក់បានជាសះស្បើយ។
បើតាមក្រុមអ្នកជំនាញ វីរុស Covid-19 ប្រភេទក្លាយពូជ (501.V2) នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ងាយនឹងឆ្លងរាលដាលជាង Covid-19 ធម្មតា និងបានបង្ហាញខ្លួននៅក្នុងតំបន់សម្បុកវីរុសមួយចំនួនដែលកំពុងផ្ទុះឆ្លងជាថ្មី។
នៅពេលមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូងឈានដល់ដំណាក់កាលលើសចំណុះ និងមិនមានសញ្ញានៃការរាលដាល់ដល់ចំណុចកំពូល តាមគម្រោង ប្រធានាធិបតី Ramaphoasa នឹងប្រកាសបទបញ្ជារឹតបន្តឹងលើការកាត់បន្ថយការធ្វើដំណើរដើម្បីរារាំង Covid-19។
វេជ្ជបណ្ឌិត Richard Lessells ជាអ្នកជំនាញខាងជំងឺឆ្លងនៅអាហ្វ្រិកខាងត្បូង ឱ្យដឹងថា៖ «យើងមិនមែនគ្មានសមត្ថភាពនៅពេលត្រូវប្រឈមនឹងវីរុសក្លាយពូជនេះទេ។ យើងអាចប្ដូរសកម្មភាពដើម្បីគ្រប់គ្រងវីរុសនេះមិនឱ្យឆ្លងរាលដាលជាងមុន»។ លោកបន្តថា ប្រការសំខាន់បំផុត នោះគឺការចៀសវាងការជួបជុំគ្នាក្នុងផ្ទុះ ឬទីកន្លែងដែលបិទជិត។
វេជ្ជបណ្ឌិត Richard Lessells បញ្ជាក់ថា ករណីឆ្លងលើសពីមួយលាននាក់គឺជារបត់ធ្ងន់ធ្ងរ ប៉ុន្តែ ស្ថានភាពជាក់ស្ដែងនៅអាហ្វ្រិកខាងត្បូងប្រាកដជាអាក្រក់ជាងនេះឆ្ងាយណាស់។ លោកបន្ថែមថា វីរុសក្លាយពូច 501.V2 បានបង្ហាញខ្លួនច្រើននៅបណ្ដាខេត្តជាប់មាត់សមុទ្រ ដូចជា Western Cape, Eastern Cape និង KwaZulu-Natal ជាដើម។
ប្រទេសអាហ្វ្រិកខាងត្បូងមិនទាន់មានវ៉ាក់សាំង Covid-19 នៅឡើយ បើទោះប្រធានាធិបតី Ramaphosa ធ្លាប់បានថ្លែងថា លោកសង្ឃឹមថា 10% ក្នុងចំណោមប្រជាជនសរុបជាង 60 លាននាក់នៃប្រទេសនេះ នឹងទទួលបានវ៉ាក់សាំងនៅក្នុងខែដំបូងៗនៃឆ្នាំ 2021៕
ប្រភព៖ Guardian