ប្រទេសឡាវបានចេញបទបញ្ជាផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ ទន្ទឹមនឹងការរឹតបន្តឹងសកម្មភាពនៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីនៅប្រទេសថៃមានរលកនៃការឆ្លងរាលដាល Covid-19 ដែលទាក់ទងនឹងផ្សារត្រី។
ក្រសួងពាណិជ្ជកម្មឡាវ បានផ្អាកជាបន្ទាន់នូវការនាំចូលគ្រឿងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃចាប់ពីថ្ងៃទី 25 ខែធ្នូ ដោយសារតែមានការព្រួយបារម្ភខ្លាចគ្រឿងសមុទ្រមានផ្ទុក Covid-19។ បទបញ្ជាខាងលើត្រូវបានប្រទេសឡាវធ្វើឡើង ក្រោយពីខេត្ត Samut Sakhon របស់ថៃ ក្លាយជាចំណុចកណ្ដាលនៃរលកឆ្លងថ្មីរបស់វីរុស Covid-19 ដោយមានមនុស្សជាង 1,000 នាក់ទទួលបានលទ្ធផលវិជ្ជមាន បន្ទាប់ពីអ្នកជំនួញបង្កងម្នាក់មានផ្ទុកវីរុសនេះ។
បទបញ្ជាខាងលើនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកនាំចូលគ្រឿងសមុទ្រនៅប្រទេសឡាវ។ អាជ្ញាធរឡាវកំពុងតែតាមដានក្រុមអ្នកនាំចូលគ្រឿងសមុទ្រនៅរដ្ឋធានី Vientiane និងបណ្ដាខេត្តរបស់ឡាវ ព្រមទាំងកំពុងបង្កើនការត្រួតពិនិត្យលើទំនិញនាំចូលតាមកុងតឺន័រ ដើម្បីស្វែងរកវត្តមានរបស់ Covid-19។ យោងតាមបទបញ្ជារបស់ក្រសួងពាណិជ្ជកម្ម អាជ្ញាធរបានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាល និងពលរដ្ឋក្នុងស្រុក គោរពតាមវិធានការនានា ដោយមិនត្រូវទិញ និងបរិភោគគ្រឿងសមុទ្រដែលនាំចូលពីប្រទេសថៃ។
ក្រុមមន្ត្រីឱ្យដឹងថា នេះគឺជាវិធានការបណ្ដោះអាសន្ន ហើយវានឹងត្រូវបានបន្តអនុវត្តរហូតដល់កិច្ចការធានាសុវត្ថិភាពសម្រាប់គ្រឿងសមុទ្រដែលនាំចូលពីប្រទេសថៃ ត្រូវបានគេធ្វើឡើង។
សូមបញ្ជាក់ថា ឡាវ និងទីម័រខាងកើតគឺជាប្រទេសពីរដែលមានករណីវិជ្ជមាននឹង Covid-19 តិចជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ប្រទេសឡាវបានរកឃើញអ្នកឆ្លងវីរុសសរុប 41 ករណី ក្នុងនោះមាន 37 ករណីបានជាសះស្បើយ និង 4 ករណីកំពុងព្យាបាល។ ដូចទៅនឹងកម្ពុជា ប្រទេសឡាវមិនទាន់មានករណីស្លាប់ដោយសារវីរុស Covid-19 នៅឡើយ៕
ប្រភព៖ Vientiane Times