ការិយាល័យអនុប្រធានាធិបតីប្រេស៊ីល បានប្រកាសឱ្យដឹងថា លោក Hamilton Mourao វិជ្ជមាននឹង Covid-19 ដែលនេះបានធ្វើឱ្យតួលេខមន្ត្រីរដ្ឋាភិបាលដែលបានឆ្លងវីរុសសរុបនៅក្នុងប្រទេសនេះ កើនឡើងថែមមួយកម្រិតទៀត។
ការិយាល័យរបស់អនុប្រធានាធិបតី Hamilton Mourao ឱ្យដឹងថា លោកទទួលបានលទ្ធផលនៃការធ្វើតេស្តកាលពីរសៀលថ្ងៃទី 27 ខែធ្នូ ហើយលោកនឹងធ្វើចត្តាឡីស័កនៅវិមាន Jabiru នារដ្ឋធានី Brasilia ជាកន្លែងស្នាក់នៅផ្លូវការរបស់អនុប្រធានាធិបតីនៃប្រទេសនេះ។
ក្រសួងសុខាភិបាលប្រេស៊ីល ក្នុងថ្ងៃដដែលក៏បានឱ្យដឹងថា ប្រទេសនេះបានរកឃើញករណីឆ្លងថ្មីចំនួន 18,479 នាក់ និងស្លាប់ថ្មី 344 នាក់ ដោយសារ Covid-19។ បច្ចុប្បន្ន ប្រេស៊ីលគឺជាសម្បុកវីរុស Covid-19 ធំជាងគេលំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ដោយមានអ្នកឆ្លងវីរុសសរុបជាង 7 លាននាក់ ក្នុងនោះមានអ្នកជំងឺជាង 191,000 នាក់ បានបាត់បង់ជីវិត។
សូមរំលឹកថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កាលពីខែកក្កដា ក៏បានឆ្លងវីរុស Covid-19 និងបានធ្វើចត្តាឡីស័កនៅឯគេហដ្ឋានរបស់លោក។ ចំណែកសមាជិកគណរដ្ឋមន្ត្រីចំនួនពាក់កណ្ដាលរបស់លោក Jair Bolsonaro ក៏បានឆ្លងវីរុសនេះនៅក្នុងអំឡុងច្រើនខែកន្លងមកនេះផងដែរ៕
ប្រភព៖ Reuters