Skip to content

វេជ្ជបណ្ឌិត​មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19 របស់ Moderna

វេជ្ជបណ្ឌិត Hossein Sadrzadeh ដែលជា​អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​ប្រចាំ​ទីក្រុង Boston ត្រូវ​រង​ប្រតិកម្ម​យ៉ាងធ្ងន់ធ្ងរ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង Covid-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Moderna ប៉ុន្តែ បាន​ប្រក្រតី​ឡើងវិញ​ហើយ។

វេជ្ជបណ្ឌិត Hossein Sadrzadeh ធ្វើការ​នៅឯ​មជ្ឈមណ្ឌល​សុខាភិបាល Boston (BMC) ជា​មនុស្ស​ដែល​តែងតែ​ប្រតិកម្ម​នឹង​សត្វ​មាន​សម្បក បានកើត​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19 មួយ​ម្ជុល​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Moderna របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 24 ខែធ្នូ។

BMC បានបញ្ជាក់ និង​ទទួលស្គាល់​ហេតុការណ៍​ខាងលើ និង​បានឱ្យដឹងថា លោក Sadrzadeh ត្រូវបាន​តាមដាន​ដោយ​ក្រុមគ្រូពេទ្យ​ដែលមាន​ជំនាញ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង។

«គាត់​មាន​អារម្មណ៍​ថា កំពុងមាន​ប្រតិកម្ម ហើយក៏​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ប៊ិក​ឯកជន Epinephrine សម្រាប់​​ចាក់​ថ្នាំ» BMC បានឱ្យដឹង​ដូច្នេះ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃទី 25 ខែធ្នូ ដោយ​ក្នុង​នោះ​ក៏​មានការ​រំលឹក​អំពី​ប្រភេទ​ប៊ិក​ចាក់​ថ្នាំ Epinephrine ដែល​ប្រើ​សម្រាប់​ព្យាបាល​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ។

លោក Sadrzadeh ក៏ត្រូវ​បាន​បញ្ជូន​ចូលទៅ​កាន់​សាល​សង្គ្រោះបន្ទាន់​ដើម្បី​វាយតម្លៃ​ស្ថានភាព ព្យាបាល និង​តាមដាន។ បច្ចុប្បន្ន លោក​បាន​ចេញពី​ពេទ្យ​ប្រកបដោយ​សុខភាព​ល្អ។

មុននេះ​ក៏​ធ្លាប់មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​រួចមកហើយ​ដែរ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក។ អគ្គនាយក​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វាយតម្លៃ​ផ្នែក​ជីវសាស្ត្រ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក (FDA) ថ្មីៗនេះ ឱ្យដឹងថា «សមាសធាតុ​ដែល​គេ​ហៅថា polyethylene អាចជា​ដើមហេតុ​នៃ​ប្រតិ​កម្មនេះ»។ បច្ចុប្បន្ន FDA និង CDC របស់​សហរដ្ឋអាមេរិក កំពុង​សហការគ្នា​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ៕

ប្រភព៖ Boston Herald

Leave a Reply

Your email address will not be published. Required fields are marked *