Skip to content

ទីក្រុង​ប៉េកាំង​រឹតបន្តឹង​ការធ្វើដំណើរ​ឡើងវិញ នៅមុន​ចូលឆ្នាំថ្មី ដោយសារ​តែមាន​ករណី​ឆ្លង Covid-19 ដែល​មិនមាន​រោគសញ្ញា

អាជ្ញាធរ​នៃ​រដ្ឋធានី​ប៉េកាំង​បានចាប់ផ្ដើម​រឹតបន្តឹង​លើ​ការ​ដើរហើរ​ឡើងវិញ ដោយ​ការស្នើ និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិនត្រូវ​ចាក​ចេញពី​រដ្ឋធានី បន្ទាប់ពី​មាន​ករណី​ឆ្លង Covid-19 មុន​ឆ្នាំ​ថ្មី និង​ពិធីបុណ្យ​រដូវ​ផ្កា​រីក​មក​ដល់។

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​រាតត្បាត Covid-19 របស់​ទីក្រុង​ប៉េកាំង កំពុង​ប្រឈម​នឹង​ឧបសគ្គ​ធំ​មួយទៀត នៅពេល​មាន​ករណី​វិជ្ជមាន​នឹង Covid-19 ដែល​ត្រូវបាន​រកឃើញយូរៗមួយ និង​ការឈប់​សម្រាក​ចូលឆ្នាំថ្មី រួម​នឹង​ពិធីបុណ្យ​រដូវ​ផ្កា​រីក​កំពុងតែ​ខិតជិត​មកដល់។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​នៃ​ទីក្រុង​ប៉េកាំង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 25 ខែធ្នូ។

ទីក្រុង​ប៉េកាំង លើកទឹកចិត្ត​ឱ្យ​ប្រជាជន បន្ត​ស្នាក់​នៅក្នុង​រដ្ឋធានី នៅក្នុង​រដូវ​បុណ្យ​នាពេលខាងមុខ ដោយ​មិនត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង ឬ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​មធ្យម ក្នុង​ការឆ្លង​វីរុស Covid-19។ អាជ្ញាធរ​ក៏​អំពាវនាវ​ឱ្យ​បណ្ដា​ក្រុមហ៊ុន ផ្អាក​ការបំពេញ​បេសកកម្ម​ទៅកាន់​តំបន់​ក្រៅ​រដ្ឋធានី និង​បរទេស​ផងដែរ ទ​ន្លឹ​ម​នឹង​ការ​ស្នើឱ្យ​សាលារៀន និង​ក្រុមហ៊ុន រៀបចំ​ការឈប់​សម្រាក​ឱ្យបាន​ខុសពេល​គ្នា។

Chen Bei ដែលជា​អនុ​លេខាធិការ​នៃ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង បានឱ្យដឹងថា ក្រុមមន្ត្រី​បក្ស និង​អាជ្ញាធរ គួរតែ​ធ្វើជា​គំរូ​ក្នុង​ការមិន​ចាក​ចេញពី​ប៉េកាំង​នៅក្នុង​រដូវ​បុណ្យ ហើយ​ត្រូវតែមាន​ការពិនិត្យ​ម៉ត់ចត់ ឬ​ត្រូវតែ​សុំ​ការអនុញ្ញាត បើសិន​ចង់​ធ្វើដំណើរ​ចេញពី​រដ្ឋធានី។

លោកស្រី Chen Bei បញ្ជាក់​បន្ថែមថា រោងភាពយន្ត បណ្ណាល័យ សារមន្ទីរ និង​ទីតាំង​កម្សាន្ត​នានា ត្រូវតែ​ធ្វើ​សកម្មភាព​មិនឱ្យ​លើសពី 75% នៃ​លទ្ធភាព​ដែលមាន។

វិធានការ​ខាងលើនេះ ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី​រដ្ឋធានី​របស់​ចិន​បាន​រាយការណ៍​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី នៅក្នុង​សប្ដាហ៍​នេះ។ ករណី​ឆ្លង​ថ្មី​ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 25 ខែធ្នូ​នេះ​គឺជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​អាកាស​​ចរណ៍ Asiana ដែល​ធ្វើដំណើរ​ត្រលប់​មកពី​កូរ៉េខាងត្បូង។ អាជ្ញាធរ​ចិន​បញ្ជាក់ថា នេះ​គឺជា​ករណី​ឆ្លង​ដែល​មិនមាន​រោគសញ្ញា៕

ប្រភព៖ Global Times

Leave a Reply

Your email address will not be published. Required fields are marked *