Skip to content

អាមេរិក​ឡាទីន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង Covid-19 ទូទាំង​ពិភពលោក កើន​លើស 79 លាន​នាក់!

ពិភពលោក​មាន​អ្នកជំងឺ Covid-19 ជាង 1.7 លាន​នាក់​បាន​បាត់បង់​ជីវិត ខណៈដែល​ប្រទេស​ចំនួន 3 ដំបូង​គេ​នៅ​តំបន់​អាមេរិក​ឡាទីន ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង។

គិត​មកដល់​ព្រឹក​នៃ​ថ្ងៃទី 25 ខែធ្នូ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 79,690,271 នាក់ ក្នុងនោះ​មាន 1,748,183

នាក់​បាន​ស្លាប់ និង 56,085,204 នាក់ បានជា​សះស្បើយ។ ក្នុងចំណោម 21,856,884 នាក់​ដែល​កំពុង​ព្យាបាល មាន 106,201 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។

នៅ​អាមេរិក​ឡាទីន ក្រុម​បុគ្គលិក​សុខាភិបាល​ជួរមុខ​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ឈី​លី កាលពី​ថ្ងៃទី 24 ខែធ្នូ គឺជា​ក្រុមមនុស្ស​មួយ​ក្នុងចំណោម​ក្រុមមនុស្ស​ដំបូង​គេ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង នៅពេលដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់។

ការចាក់​វ៉ាក់សាំង Covid-19 ដោយមាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​របស់​ម៉ិ​ក​ស៊ី​ក ត្រូវបាន​ធ្វើឡើង​ក្រោយ​រយៈពេល​មួយថ្ងៃ​ដែល​វ៉ាក់សាំង​ចំនួន 3,000 ដូ​ស​ដំបូង​របស់ Pfizer-BioNTech ត្រូវបាន​ដឹក​មកដល់។ ម៉ិ​ក​ស៊ិ​ក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស 1,350,079 នាក់ និង​ស្លាប់ 120,311 នាក់ គឺជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​លំដាប់​ទី​បួន​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា។

នៅ​ប្រទេស​ឈី​លី​វិញ ជំនួយការ​ផ្នែក​ថែទាំ​សុខភាព​ម្នាក់ ឈ្មោះ Zulema Riquelme អាយុ 46 ឆ្នាំ គឺជា​មនុស្ស​ដំបូង​គេ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង Covid-19 ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​វ៉ាក់សាំង Pfizer-BioNTech 10,000 ដូ​ស​ដំបូង​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​នេះ។

ម៉ិ​ក​ស៊ិ​ក​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាមេរិក​ឡាទីន​ដែល​ទទួលបាន​វ៉ាក់សាំង Pfizer-BioNTech បន្ទាប់មកទៀត​គឺ​ប្រទេស ឈី​លី និង​កូ​ស្តា​រី​កា។ ប្រធានាធិបតី​របស់​កូ​ស្តា​រី​កា លោក Carlos Alvarado ថ្លែងថា៖ «វា​អាចជា​ការចាប់ផ្ដើម​សម្រាប់​ការបញ្ចប់​មហា​រោគរាតត្បាត​នេះ»។

ក្នុងខណៈ​នោះដែរ អា​ហ្ស​ង់​ទីន ក៏បាន​ទទួល​វ៉ាក់សាំង Sputnik V ចំនួន 300,000 ដូ​ស​ដំបូង​ពី​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី 24 ខែធ្នូ។ នេះ​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាមេរិក​ឡាទីន​ដែល​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​របស់​រុស្ស៊ី៕

ប្រភព៖ BBC, Reuters

Leave a Reply

Your email address will not be published. Required fields are marked *