មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លងរបស់អាមេរិក បានឱ្យដឹងថា ពលរដ្ឋអាមេរិកាំងជាង 1 លាននាក់ បានចាក់វ៉ាក់សាំង Covid-19 រួចហើយ ក្រោយរយៈពេល 10 ថៃដែលបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសនេះ។
«សហរដ្ឋអាមេរិកនៅថ្ងៃនេះ បានឈានដល់ដំណាក់កាលសំខាន់មួយ។ តំបន់នានាបានរាយការណ៍ថា ពលរដ្ឋជាង 1 លាននាក់ត្រូវបានចាក់វ៉ាក់សាំង Covid-19 លើកដំបូង រាប់ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្ដើមយុទ្ធនាការកាលពី 10 ថ្ងៃមុន» នេះបើតាមសម្ដីរបស់ លោក Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលបានឱ្យដឹងកាលពីថ្ងៃទី 23 ខែធ្នូ។
ចំណែកលោក Moncef Slaoui ទីប្រឹក្សានៃយុទ្ធនាការរហ័សរបស់រដ្ឋាភិបាលអាមេរិក បានឱ្យដឹងដែរថា គោលដៅចាក់វ៉ាក់សាំងឱ្យបាន 20 លាននាក់ក្នុងខែនេះ ពិតជា «ពិបាកសម្រេចបាន»។ ប៉ុន្តែ លោកបន្ថែមថា សហរដ្ឋអាមេរិកកំពុងមានគោលដៅចាក់វ៉ាក់សាំងឱ្យបាន 100 លាននាក់នៅមុនដំណាច់ត្រីមាសទីមួយនៃឆ្នាំ 2021 និង 100 លាននាក់ទៀត នៅក្នុងត្រីមាសទីពីរ។
សូមរំលឹកថា កាលពីថ្ងៃទី 11 ធ្នូ នាយកដ្ឋានគ្រប់គ្រងអាហារនិងឱសថអាមេរិក (FDA) បានអនុម័តលើវ៉ាក់សាំង Covid-19 ដំបូងនៃប្រទេសនេះ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង BioNTech។ កាលពីសប្ដាហ៍កន្លងទៅ វ៉ាក់សាំងនេះចំនួន 3 លានដូស ត្រូវបានចែកចាយនៅពាសពេញទឹកដីអាមេរិក។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអ្នកឆ្លងវីរុស Covid-19 ច្រើនជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺជាង 19 លាននាក់ ក្នុងនោះមានជាង 334,000 នាក់បានស្លាប់ដោយសារវីរុសនេះ៕
ប្រភព៖ AFP