ក្នុងអំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយ គឺជារឿងមួយដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះរបស់អ្នកម្តាយមានរសជាតិប្រែប្រួល ឬអាចធ្វើឱ្យមានសារធាតុគីមីប្រមូលសន្សំនៅក្នុងរាងកាយកូនបាន ដូច្នេះយើងនាំគ្នាមកមើលថា តើអាហារ និងថ្នាំទាំង 5យ៉ាងដែលអ្នកម្តាយកំពុងបំបៅដោះកូនត្រូវតម និងហាមញ៉ាំនោះ មានអ្វីខ្លះ?។
1.ឱសថបុរាណមួយចំនួន ថ្នាំចិនសែប្រភេទខ្លះ ឬស្រាថ្នាំជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះ រាក យំរករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតីទៀតផង។
2.ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជៈដែលមានជាតិអាល់កុល(ជាតិស្រវឹង) ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់កូនតូចដោយត្រង់។
3.អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសិន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ និងអាចធ្វើឱ្យកូនតូចឈឺពោះបាន តែបើអាហារឱសថបុរាណមួយចំនួនដូចជា ស្លឹកម្រះព្រៅ ខ្ញី ម្រេច អាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្តៅខុសពីម្ទេស។ អាហារឱសថបុរាណដែលមានរសជាតិក្តៅទាំងនោះ ថែមទាំងជួយបំប៉នទឹកដោះម្តាយទៀតផង។
4.បន្លែដែលមានជាតិហ្គាសច្រើន ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមសិន ព្រោះអាចធ្វើឱ្យកូនហើមពោះបាន ឬបើចង់ញ៉ាំ គួរញ៉ាំបន្លែដែលឆ្អិនហើយប្រសើរជាង។
5.ថ្នាំពេទ្យមួយចំនួនមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះម្តាយ ដូច្នេះបើអ្នកម្តាយកើតមានអាការឈឺថ្កាត់អ្វីមួយ និងត្រូវការប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិនគ្រប់ពេល៕