ក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 3ករណីបន្ថែមទៀត ក្នុងនោះមានទាំងករណីនាំចូល និងករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍28វិច្ឆិកាផងដែរ។
ករណីវិជ្ជមាននឹង Covid-19 ដែលត្រូវបានរកឃើញកាលពីម្សិលមិញ (14ធ្នូ) រួមមាន៖
ករណីនាំចូល៖ ទីមួយ៖ ស្ត្រីជនជាតិខ្មែរ អាយុ 66ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ និងជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក។ ទីពីរ៖ ស្ត្រីជនជាតិជប៉ុន អាយុ 34ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន។
ករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍28វិច្ឆិកា»៖ កុមារជនជាតិខ្មែរ អាយុ 1ឆ្នាំ ស្នាក់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីវ័យ 30ឆ្នាំ ដែលវិជ្ជមាននឹង Covid-19 កាលពីថ្ងៃទី 29វិច្ឆិកា។
ក្រៅពីវិជ្ជមាន កម្ពុជាក៏មានអ្នកជាសះស្បើយពី Covid-19 ចំនួន 3នាក់ផងដែរដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍28វិច្ឆិកា។
គិតមកដល់ព្រឹកថ្ងៃទី 15 ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 362 នាក់ ក្នុងនោះមាន 312 នាក់បានជាសះស្បើយ និង 50 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនារាជធានីភ្នំពេញ៕