ការបង្ហាត់កុមារឱ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឱ្យបានល្អត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះហាត់មើលថែទាំសុខភាពតាំងពីអាយុនៅតិចៗ នឹងធ្វើឱ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយខាងក្រោមនេះ គឺជារឿងសំខាន់ៗដែលអាណាព្យាបាលសម័យថ្មីគួរតែបង្រៀនឱ្យកូនៗប្រត្តិបត្តិឱ្យក្លាយជាទម្លាប់និស្ស័យ ៖
1.ញើសសំបោរឱ្យអស់
រឹតតែបង្ហាត់ឱ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណា បញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរ គឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។
2.បរិភោគអាហារពេលព្រឹករាល់ថ្ងៃ
អាហារពេលព្រឹក គឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឱ្យក្មេងគិត និងរៀនបានកាន់តែល្អឡើង អាណាព្យាបាលគួររកនឹកអាហារពេលព្រឹកប្លែកៗថ្មីៗ ដើម្បីឱ្យកូនៗមានអារម្មណ៍ចង់ញ៉ាំ ដោយសាកល្បងប្តូរពីបាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម។
3.ការពារស្បែករបស់ខ្លួនឯង
អ្នកដែលកើតរោគមហារីកស្បែកភាគច្រើន ច្រើនតែកើតដោយសារការហាលកម្ដៅថ្ងៃដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្ល៉េះ។ ចូរបង្រៀនឱ្យកុមារយល់ដឹងអំពីរឿងនេះ និងលាបឡេការពារកម្ដៅថ្ងៃ មុនពេលចេញក្រៅផ្ទះគ្រប់ពេល។
4.កម្រើករាងកាយ និងហាត់ប្រាណ
កុមារៗឥឡូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៍យូរៗដោយមិនកម្រើកខ្លួនទៅណា ធ្វើឱ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ ដូច្នេះឪពុកម្ដាយគួរបង្ហាត់ឱ្យគេចេះធ្វើកិច្ចការឯទៀតខ្លះផង ដូចជាបង្ហាត់ឱ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម។
5.ថែទាំសុខភាពមាត់ធ្មេញរបស់ខ្លួនឯង
បង្រៀនកូនៗថា ការមិនដុសសម្អាតធ្មេញ ឬបណ្តោយឱ្យធ្មេញពុក នឹងមានជំងឺអាក្រក់ផ្សេងទៀតកើតឡើង។ បង្រៀនឱ្យគេចេះដុសធ្មេញឱ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឱ្យគេកាន់តែចង់ដុសធ្មេញឡើង។
(នៅមានត)