គិតមកដល់ព្រឹកថ្ងៃទី 14ធ្នូ ឆ្នាំ2020នេះ ពិភពលោកទាំងមូលបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 72,638,964នាក់ ក្នុងនោះមានអ្នកជំងឺចំនួន 1,618,750 នាក់បានស្លាប់ និង 50,859,438 នាក់បានជាសះស្បើយ ខណៈ 20,160,776 នាក់កំពុងទទួលការព្យាបាលដោយសារបានឆ្លងវីរុសនេះ។
ដោយឡែក កម្ពុជា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 359នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 309នាក់ និង 50នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ កម្ពុជាមានអ្នកជំងឺចំនួន 2នាក់ បានជាសះស្បើយ និងមិនមានអ្នកវិជ្ជមានថ្មីនោះទេ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី 12ធ្នូ បានឱ្យដឹងថា វ៉ាក់សាំងដែលមានសក្ដានុពលជិត1ពាន់លានដូស ត្រូវបានបញ្ជាទិញជាមុន (pre-order) រួចហើយ ដើម្បីធានាឱ្យបានប្រាកដថា បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម នឹងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ទៅតាមកម្មវិធី COVAX។
COVAX គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដំបូងដោយអង្គការសុខភាពពិភពលោក ដោយមានគោលដៅបែងចែកវ៉ាក់សាំង Covid-19 ឱ្យបានរហ័ស និងស្មើភាពគ្នានៅទូទាំងសកលលោក បន្ទាប់ពីវ៉ាក់សាំងនេះត្រូវបានទទួលស្គាល់ និងចាប់ផ្ដើមដាក់លក់ក្នុងទីផ្សារ៕
ប្រភព៖ Reuters/ AFP