សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយសម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើបែបណាដើម្បីឱ្យសង្គមរបស់យើងរស់នៅជុំគ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និងអាណិតស្រឡាញ់កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាងក្រោម ៖
1.ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន
តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់លេងជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ 3ឆ្នាំ។ ម្តាយគួរពោលពាក្យសរសើរថា “កូនចិត្តល្អណាស់ ត្រូវអាណិតប្អូនណា៎…” ពេលនោះកូននឹងកាន់តែអភិវឌ្ឍអារម្មណ៍បែបនេះច្រើនឡើងនៅពេលគេធំឡើងមិនខាន។
2.ជជែកលេង និងនិយាយរឿងជាមួយកូនឱ្យបានច្រើន
ដូចជាម្តាយរៀបរាប់ពីឧទាហរណ៍របស់មនុស្សល្អដែលចេះជួយដល់អ្នកដទៃដោយការលះបង់កន្លែងអង្គុយរបស់ខ្លួននៅក្នុងរថយន្តក្រុង ឱ្យទៅលោកយាយចំណាស់ម្នាក់ដែលឈរតោងបង្កាន់ដៃ(គ្មានកន្លែងអង្គុយ) ឬប៉ូលីសដែលយាមនៅមុខសាលារៀនដឹកដៃនាំស្រ្តីម្នាក់ និងកូនដើរឆ្លងថ្នល់ ឬក៏អ្នកបើកឡានតាក់ស៊ីយកកាបូបលុយដែលភ្ញៀវភ្លេចនៅក្នុងឡាន ទៅឱ្យម្ចាស់គេវិញជាដើម។ រឿងទាំងអស់នេះ អ្នកម្តាយគួរនិយាយសរសើរពីពួកគេទាំងនោះឱ្យកូនបានស្តាប់ផងដែរ។
3.បងប្អូនក្នុងវ័យ 2-3ឆ្នាំ តែងតែឈ្លោះគ្នាដណ្តើមរបស់លេងជារឿងធម្មតា
វ័យ Toddler ហៅថា ជាវ័យ “It’s mine” អ្វីៗក៏ជារបស់ខ្ញុំដែរ គឺក្មេងៗមានភាពអត្មានិយមខ្ពស់ណាស់។ “ខ្ញុំរើសបាន វាជារបស់ខ្ញុំ” អ្នកណាចង់យកទៅណា មិនបានទេណា៎ តែបើវាបែកបាក់ហើយ លែងល្អហើយនោះ “វាមិនមែនជារបស់ខ្ញុំទេ”។ ទាំងអស់នេះ ដោយសារតែកុមារដែលស្ថិតក្នុងវ័យនេះ ខួរក្បាលកំពុងវិវឌ្ឍទៅមុខលឿន តែការត្រិះរិះគិតដោយហេតុផល ទៅតាមមិនទាន់ ប្រៀបដូចឡានថ្មី ម៉ាស៊ីនខ្លាំង តែហ្រ្វាំងមិនទាន់ធ្វើការអុីចឹងដែរ ទើបធ្វើឱ្យកើតសង្គ្រាមដណ្តើមរបស់លេង ឬដណ្តើមម៉ាក់គ្នាឡើងជារៀងរាល់ថ្ងៃ តែនៅពេលធំទៅ ពួកគេនឹងល្អឡើងវិញដោយឯកឯង បើសិនអ្នកម្តាយប្រាប់ថា “ផ្លាស់គ្នាលេងម្តងម្នាក់ក៏បានដែរកូន” ឬបងទៅអានរឿងនិទានជាមួយម៉ាក់ ទុកឱ្យប្អូនលេងមុនទៅ បន្តិចទៀតចាំផ្លាស់គ្នាលេង។ កូនស្រីបងអាយុ 3 -4ឆ្នាំដែលសុខចិត្តចុះចាញ់ប្អូននោះ ភ្នែកឡើងក្រហម ពេបមាត់ចង់យំ អ្នកម្តាយគួរពោលសរសើរថា “កូនជាក្មេងល្អណា៎កូន” ព្រមទាំងឱបថើបកូនផង និងលួងលោមថា បន្តិចទៀត ប្អូននឹងយកតម្រាប់តាម និងធ្វើតាមបងមិនខាន។ នេះគឺជាចំណុចចាប់ផ្តើមនៃការធ្វើជាមនុស្សល្អ ដូចគ្នានឹងពេលដែលកូនទៅសាលាមត្តេយ្យ ជួបនឹងពួកម៉ាកដែលមិនស្រួលខ្លួន ក៏នឹងដឹកដៃពួកម៉ាកនោះទៅរកអ្នកគ្រូ ជាដើម។ នោះបញ្ជាក់ថា កូនចេះមានចិត្តអាណិតមេត្តាដ៏ប្រពៃហើយ ចេះអាណិតពួកម៉ាកដែលឈឺ ឬដែលមានមាឌតូចជាងខ្លួនជាដើម។
4.បង្រៀនកូនឱ្យនិយាយពាក្យពីរោះៗ
មានបិយវាចា(សម្តីគួរឱ្យស្រឡាញ់ សម្តីសុភាព) ចេះពោលពាក្យជម្រាបសួរ សាធុ សុំទោសនៅពេលធ្វើខុស និងអរគុណព្រមជាមួយការលើកដៃសំពះយ៉ាងស្អាត និងបង្អោនខ្លួនចុះ រួមទាំងចេះឱនលំទោនជាមួយមនុស្សចាស់ កូននឹងក្លាយជាក្មេងដ៏គួរឱ្យស្រឡាញ់ចូលចិត្តរបស់អ្នកដែលបានឃើញ និងទទួលបានការសរសើរថា ជាក្មេងដែលមានការអប់រំល្អ។
5.បង្ហាត់កូនឱ្យស្គាល់គំរូល្អៗតាមបែបខ្មែរ
ថ្ងៃចូលឆ្នាំខ្មែរមហាសង្រ្កាន្ត ថ្ងៃចូលឆ្នាំថ្មីសកល ថ្ងៃខួបកំណើតរបស់ចាស់ទុំ នាំកូនទៅក្រាបសំពះលោកតា លោកយាយចាស់ៗ ទៅធ្វើបុណ្យជាមួយគ្នា ឱ្យកូនៗជួយប៉ាម៉ាក់រៀបចំរបស់របរទៅធ្វើបុណ្យ ឬរៀបចំរបស់របរទៅសួរសុខទុក្ខចាស់ៗ ជាដើម។
6.កុមារបឋមវ័យត្រូវចេះជួយកាងារខ្លះទៅតាមវ័យរបស់កូន
គេនឹងមានចិត្តអាសាស្ម័គ្រ និងមានចិត្តមេត្តាអ្នកដទៃនៅពេលធំឡើង ដូចជាធ្វើកិច្ចការងារតូចតាចនៅក្នុងផ្ទះ ជួយបង ប្អូន និងប៉ាម៉ាក់។ បង្រៀនឱ្យកូនចេះស្រឡាញ់ធម្មជាតិដោយការដាំដើមឈើ មើលថែទាំដើមផ្កាឱ្យរីកធំធាត់ មើលបក្សីបក្សា មេអំបៅ ដង្កូវ មើលថែទាំសត្វចិញ្ចឹម និងឱ្យចំណីត្រី ជាដើម។
7.ក្មេងប្រុស ក្មេងស្រី ត្រូវបង្រៀន និងអប់រំឱ្យដូចៗគ្នា
អ្នកខ្លះយល់ខុសថា ក្មេងប្រុសកុំទៅទន់ជ្រាយពេក “ប្រយ័ត្នទៅជាខ្ទើយ” ឱ្យចេះស្វាហាប់ រាងកាចតិចៗ ទើបសមជាមនុស្សប្រុស។ តែការពិតវិញ ភាពទន់ភ្លន់ មិនមែនជាភាពទន់ជ្រាយទេ “អំពើល្អមានមេត្តាចំពោះគ្នា មិនបែងចែកភេទទេ” ព្រោះយើងជាមនុស្សរស់នៅលើផែនដីតែមួយរួមគ្នា។ យើងមិនចូលចិត្តបុរសដែលកាចឃោរឃៅ តែយើងកោតសរសើរបុរសដែលជាមនុស្សល្អ សម្តីពិរោះ មានទឹកចិត្តល្អ មានការប្រព្រឹត្តល្អ ព្រោះយើងត្រូវការមនុស្សល្អនៅក្នុងសង្គម។
ពិភពលោកនឹងគួរឱ្យរស់នៅសម្រាប់កូនក្នុងពេលនេះ និងក្នុងពេលអនាគតដែលមានភាពរីកចម្រើនយ៉ាងខ្លាំងខាងផ្នែកតិចណូឡូជី និងសភាពជុំវិញខ្លួនដែលកាន់តែកាចសាហាវខ្លាំងឡើង បើកូនមានប្រព័ន្ធការពារល្អខាងផ្លូវចិត្ត ជាមនុស្សល្អ កូននឹងមានជីវិតរស់នៅប្រកបដោយសេចក្តីសុខ និងអាចជួយយកអាសាអ្នកដទៃបានទៀតផង៕