ពិភពលោកបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបជាង 71លាននាក់ ខណៈដែលបុណ្យណូអែលជិតចូលមកដល់ នាំឱ្យ WHO ព្រមានអំពីហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ នៅចុងឆ្នាំ។
នៅទូទាំងពិភពលោក មនុស្សចំនួន 71,398,029 នាក់បានឆ្លង Covid-19 ក្នុងនោះមាន 1,600,194 នាក់បានស្លាប់ និង 49,585,375 នាក់បានជាសះស្បើយ ខណៈ 20,212,460 នាក់កំពុងសម្រាកព្យាបាល ក្នុងចំណោមនេះដែរ ក៏មានអ្នកជំងឺ 106,566 នាក់កំពុងប្រឈមនឹងហានិភ័យនៃការស្លាប់ខ្ពស់។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យគ្រប់គ្នាពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពីគម្រោងកំសាន្តនៅក្នុងឱកាសបុណ្យណូអែលខាងមុខ។ «ឱកាសឈប់សម្រាកថ្ងៃបុណ្យដើម្បីជប់លៀង កំសាន្តសប្បាយ ប៉ុន្តែ វាអាចក្លាយទៅជាសោកនាដកម្មយ៉ាងឆាប់រហ័ស បើសិនយើងមិនមានវិធានការទប់ស្កាត់ត្រឹមត្រូវ» ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ (11ធ្នូ 2020)។
លោក Tedros បន្ថែមថា «នៅពេលលោកអ្នកជប់លៀង កំសាន្តសប្បាយនាប៉ុន្មានសប្ដាហ៍ខាងមុខ សូមពិចារណាឱ្យបានល្អិតស្អន់អំពីគម្រោងនេះ។ បើសិនអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យឆ្លងវីរុសកម្រិតខ្ពស់ ចូរអនុវត្តវិធានការទប់ស្កាត់ដើម្បីរក្សាសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកដទៃ។ កាដូដែលល្អបំផុតដែលអ្នកអាចជូនដល់គ្រួសារ និងអ្នកដទៃ (នៅក្នុងឱកាសបុណ្យណូអែល) នោះគឺកាដូសុខភាព»៕
ប្រភព៖ AFP/Reuters