ក្រុមហ៊ុនអភិវឌ្ឍ និងផលិតឱសថរបស់វៀតណាមដែលមានឈ្មោះថា Nanogen បានប្រកាសព័ត៌មានជាផ្លូវការអំពីគម្រោងតម្លៃរបស់វ៉ាក់សាំង Covid-19 «made in Vietnam» ដែលក្រុមហ៊ុននេះកំពុងអភិវឌ្ឍ។
សារព័ត៌មានវៀតណាម បានដកស្រង់ប្រភពព័ត៌មានពីក្រុមមន្ត្រីរបស់ក្រុមហ៊ុនផលិតឱសថ Nanogen ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុននេះអាចផលិតវ៉ាក់សាំង Covid-19 បានប្រមាណពី 10-20 លានដូសនៅក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅលើមនុស្ស ក្រុមហ៊ុននេះនឹងបង្កើនបរិមាណនៃការផលិតឱ្យបានចាប់ពី 50-70 លានដូសក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេស។
តំណាងរបស់ Nanogen និយាយថា វ៉ាក់សាំងរបស់វៀតណាមនេះ នឹងមានតម្លៃមិនលើសពី 500,000 ដុង (21.5 ដុល្លារអាមេរិក) នៅក្នុងមួយដូស នៅពេលត្រូវបានបញ្ចេញលក់ក្នុងទីផ្សារ។ ក៏ប៉ុន្តែ ក្រោយមក ស្ថានីយទូរទស្សន៍ជាតិវៀតណាម VTV Go បានចេញផ្សាយថា ក្រុមហ៊ុន Nanogen បានប្រកាសជាផ្លូវការថា វ៉ាក់សាំងប្រឆាំង Covid-19 «made in Vietnam» របស់ក្រុមហ៊ុននេះ នឹងត្រូវបានលក់ក្នុងតម្លៃប្រហែល 120,000 ដុង/ដូស (5.22 ដុល្លារអាមេរិក)។
ដូច្នេះ មនុស្សម្នាក់នឹងត្រូវចំណាយប្រាក់សរុប 240,000 ដុង (10.44 ដុល្លារអាមេរិក/42,070 រៀល) សម្រាប់ការចាក់វ៉ាក់សាំងចំនួន 2ដូស ដើម្បីមានអង្គបដិបក្ខគ្រប់គ្រាន់សម្រាប់ប្រឆាំងនឹង Covid-19៕
ប្រភព៖ VTV Go