មនុស្សជិត 1.6 លាននាក់បានស្លាប់ ក្នុងចំណោមមនុស្សជាង 70លាននាក់នៅទូទាំងពិភពលោកដែលបានឆ្លងវីរុស Covid-19 នាំឱ្យប្រទេសអ្នកមានជាច្រើន បាននិងកំពុងបញ្ជាទិញជាមុននូវវ៉ាក់សាំងក្នុងបរិមាណលើសពីតម្រូវការជាក់ស្ដែង ជាហេតុធ្វើឱ្យទ្វីបអាហ្វ្រិកអំពាវនាវឱ្យមានការចែករំលែកវ៉ាក់សាំងទៅឱ្យបណ្ដាប្រទេសក្រីក្ររបស់ទ្វីបនេះ។
គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 70,711,368នាក់ ក្នុងនោះមានអ្នកស្លាប់ 1,588,247នាក់ និងអ្នកកំពុងព្យាបាល 19,983,563នាក់។ នេះបើតាម Worldometers ដែលជាគេហទំព័រធ្វើបច្ចុប្បន្នភាពអំពីតួលេខ Covid-19 បានលឿងជាងគេបង្អស់។
ទាក់ទិននឹងបញ្ហាវ៉ាក់សាំង Covid-19 នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី 10ធ្នូ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ទ្វីបអាហ្វ្រិក លោក John Nkengasong ថ្លែង ថា៖ «ប្រទេសជាច្រើនបានបញ្ជាទិញវ៉ាក់សាំងលើសពីតម្រូវការជាក់ស្ដែងរបស់ពួកគេ ពី 4 ទៅ 5 ដងឯណោះ»។ ក៏ប៉ុន្តែ លោក មិនបានបង្ហាញឈ្មោះនៃប្រទេសទាំងនោះទេ។
លោក John Nkengasong បញ្ជាក់ថា ទ្វីបអាហ្វ្រិកពិតជាពិបាកក្នុងការធានាឱ្យបានគ្រប់គ្រាន់នូវបរិមាណវ៉ាក់សាំងដែលទ្វីបនេះត្រូវការ នៅក្នុងគ្រាដែលប្រទេសជាច្រើនបានចាប់ផ្ដើមទទួលរងរលកនៃការឆ្លងរាលដាលជាលើកទីពីរ។ លោកបន្តថា ភាគច្រើននៃប្រទេសនៅក្នុងទ្វីបនេះ កំពុងតែរង់ចាំគម្រោងបែងចែកវ៉ាក់សាំងជាសកលដែលមានឈ្មោះថា COVAX ដែលជំរុញដោយអង្គការសុខភាពពិភពលោក (WHO)។
COVAX ត្រូវបានបង្កើតឡើង និងដំណើរការដោយអង្គការចំនួន 3 រួមមាន សម្ព័ន្ធផ្លាស់ប្ដូរត្រៀមសម្រាប់ការទប់ទល់នឹងរោគរាតត្បាត (CEPI) អង្គការសុខភាពពិភពលោក (WHO) និង Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំង និងជាអង្គការមិនស្វែងរកកម្រៃឯកជន ដែលធ្វើសកម្មភាពក្នុងវិស័យផ្ដល់ជំនួយវ៉ាក់សាំងទៅឱ្យបណ្ដាប្រទេសដែលមានចំណូលទាប។
រហូតមកដល់ដើមខែធ្នូ 2020 នេះ COVAX បានបញ្ជាទិញជាមុននូវវ៉ាក់សាំង Covid-19 ចំនួនជាង 700លានដូស។ តាមផែនការ អង្គការនេះនឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន 2 ពាន់លានអំពូលនៅក្នុងឆ្នាំ 2021 ដើម្បីជួយដល់ប្រជាជនយ៉ាងតិច 20% នៅក្នុងបណ្ដាប្រទេសដែលបានចូលរួមជាមួយអង្គការនេះ។ បច្ចុប្បន្ន មានប្រទេសជាង 198 ដែលបានចុះឈ្មោះចូលរួមជាមួយនឹងអង្គការ COVAX ដោយរួមមានទាំងបណ្ដាប្រទេសអ្នកមានផងដែរ។
ក្រៅ COVAX ក្ដីសង្ឃឹមមួយផ្សេងទៀតដែលបណ្ដាប្រទេសក្រីក្រនៅអាហ្វ្រិក ក៏ដូចជានៅពាសពេញពិភពលោកអាចរង់ចាំបាន នោះគឺការផ្ដល់ជំនួយជាវ៉ាក់សាំងពីបណ្ដាប្រទេសអ្នកមានដែលប្រើប្រាស់វ៉ាក់សាំងមិនអស់។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថា ក្ដីសង្ឃឹមនេះ ពិតជាស្ដួចស្ដើងខ្លាំងណាស់៕
ប្រភព៖ Reuters, Worldometers, Nature