នៅក្នុងសារជាសំឡេងមួយ ដែលត្រូវបានចែករំលែកនាព្រឹកថ្ងៃទី 9ធ្នូនេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា វ៉ាក់សាំងមិនអាចបញ្ចប់ការចម្លង Covid-19 ទាំងស្រុងឡើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ទំនងជាមានការព្រួយបារម្ភថា អាចនឹងមានពលរដ្ឋភាគច្រើនយល់ច្រឡំថា នៅពេលបានចាក់វ៉ាក់សាំង Covid-19 ហើយ ពួកគេនឹងលែងបារម្ភអ្វីទាំងអស់ ដែលនាំឱ្យពួកគេមានការធ្វេសប្រហែស និងលែងមានការយកចិត្តទុកដាក់លើការការពារខ្លួននៅចំពោះមុខវីរុសនេះ។
លោកជំទាវ វេជ្ជបណ្ឌិត បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប មិនត្រូវភ្លេចអនុវត្តនូវវិធានការការពារខ្លួនចម្បងៗចំនួន3 ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 ក្នុងនោះមានដូចជា ការលាងដៃនឹងសាប៊ូ ឬអាល់កុល ការរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច 1.5ម៉ែត្រ និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។
ទាក់ទងនឹងវ៉ាក់សាំង Covid-19 នៅកម្ពុជា សម្ដេចតេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា នៅពេលកម្ពុជា ទិញបានវ៉ាក់សាំងនេះ នោះរដ្ឋាភិបាល នឹងចែកជូនដល់ពលរដ្ឋទាំងអស់ ដោយឥតគិតថ្លៃ ក៏ប៉ុន្តែក្រុមគោលដៅអាទិភាពដំបូងគេបង្អស់ នោះគឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ។