បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានអាជ្ញាធរតៃវ៉ាន់ពិន័យជាប្រាក់ចំនួន 3,500ដុល្លារអាមេរិក ដោយសារតែបានបំពានការកំណត់ស្ដីអំពីការធ្វើចត្តាឡីស័ក បើទោះជាបុរសនេះនៅខាងក្រៅបន្ទប់ត្រឹមតែ 8 វិនាទី។
បុរសម្នាក់ជាពលករមកពីប្រទេសហ្វីលីពីន ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់ ត្រូវបានពិន័យ ដោយសារតែបានចាកចេញពីបន្ទប់របស់ខ្លួន និងទៅឈរក្បែរផ្លូវដើរ ក្បែរនោះ នេះបើតាមមន្ទីរសុខាភិបាល។
បន្ទាប់ពីបានឃើញ «ហេតុការណ៍» នេះតាមរយៈកាមេរ៉ាសន្តិសុខ បុគ្គលិកសណ្ឋាគារក៏បានទាក់ទងទៅកាន់មន្ទីរសុខាភិបាល នាំឱ្យបុរសនេះត្រូវរងការពិន័យជាទឹកប្រាក់រហូតដល់ 100,000ដុល្លារតៃវ៉ាន់ (ប្រហែល 3,500ដុល្លារអាមេរិក) បើទោះជាបុរសនេះនៅខាងក្រៅបន្ទប់ត្រឹមតែ 8 វិនាទីក៏ដោយ។
យោងតាមការកំណត់ស្ដីអំពីការទប់ស្កាត់ Covid-19 របស់តៃវ៉ាន់ អ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបន្ទប់ឡើយ ទោះជាក្នុងរយៈពេលប៉ុន្មានវិនាទីក៏ដោយ។ នៅក្នុងទីក្រុង Kaohsiung សណ្ឋាគារចំនួន 56 កន្លែង កំពុងត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ក្នុងនោះ មានបន្ទប់សរុបប្រមាណ 3,000 បន្ទប់។
សារព័ត៌មាន Taiwan News បានចេញផ្សាយថា បុរសដែលត្រូវបានពិន័យខាងលើ បានធ្វើចត្តាឡីស័កអស់រយៈពេល 5 ថ្ងៃ ហើយបានចេញពីបន្ទប់ដើម្បីយករបស់ទៅឱ្យមិត្តភក្ដិដែលនៅក្នុងបន្ទប់ក្បែរនោះ។
តៃវ៉ាន់ ត្រូវបានគេសរសើរច្រើន ដោយសារតែមានវិធានការយ៉ាងឆាប់រហ័សក្នុងការគ្រប់គ្រង Covid-19។ កោះនេះមិនដែលបានដាក់បម្រាមគោចរតឹងរ៉ឹង ឬកាត់បន្ថយសិទ្ធិសេរីភាពរបស់ពលរដ្ឋម្ដងណានៅឡើយ។ ជំនួសមកវិញ អាជ្ញាធរកោះនេះ ផ្ដោតសំខាន់ទៅលើល្បឿននៃប្រតិកម្មរបស់ភាគីពាក់ព័ន្ធ។ អាជ្ញាធរកោះតៃវ៉ាន់ ក៏បានវិនិយោគទៅលើកិច្ចការធ្វើតេស្តតាមបែបចល័ត និងការតាមរកអ្នកពាក់ព័ន្ធ ប្រកបដោយភាពរហ័សរហួន និងប្រសិទ្ធភាព។
គិតមកដល់បច្ចុប្បន្ន តៃវ៉ាន់បានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុប 718នាក់ ក្នុងនោះមាន 7នាក់បានស្លាប់ និង 582នាក់បានជាសះស្បើយ នេះបើតាមគេហទំព័រ Worldometers៕
ប្រភព៖ CNN, Worldometers