ក្រុមមន្ត្រីនៃរដ្ឋ California សហរដ្ឋអាមេរិក បានចេញបម្រាមគោចរយ៉ាងតឹងរ៉ឹងនៅតំបន់ភាគខាងត្បូងនៃរដ្ឋនេះ នៅក្នុងគ្រាដែលមន្ទីរពេទ្យនានាកំពុងប្រឈមនឹងការទទួលអ្នកជំងឺ Covid-19 លើសចំណុះ។
បម្រាមគោចរនៅភាគខាងត្បូងរដ្ឋ California មានសុពលភាពចាប់ពីម៉ោង0 ថ្ងៃទី 7ធ្នូ (ម៉ោង 15 នៅភ្នំពេញ) ដែលក្នុងនោះ ការិយាល័យភាគច្រើនត្រូវបានតម្រូវឱ្យបិទទ្វារ ខណៈដែលពលរដ្ឋក៏ត្រូវបានហាមមិនឱ្យជួបជុំគ្នា។ ហាងស្រា និងសេវាកម្មថែទាំឯកជន ដូចជា ហាងធ្វើសក់ជាដើម ក៏ត្រូវបង្ខំឱ្យបិទទ្វារ ស្របពេលដែលភោជនីយដ្ឋាននៅតែត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការ ក្នុងលក្ខខណ្ឌមិនអនុញ្ញាតមានភ្ញៀវចូលមកបរិភោគក្នុងហាង ប៉ុន្តែអាចទិញយកទៅផ្ទះ ឬភាគីហាងត្រូវដឹកជញ្ជូនដល់ផ្ទះ។
បម្រាមគោចរនេះ ត្រូវបានវាយតម្លៃថា ពិតជាមានភាពតឹងរ៉ឹង ប៉ុន្តែ វានៅតែមិនទាន់ស្មើនឹងវិធានការគម្លាតសង្គមកាលពីខែមីនា នៅពេលដែលអាជ្ញាធរបានហាមការធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ក្នុងនោះ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យអង្គុយលើកៅអីសាធារណៈ ឬដើរដោយថ្មើរជើង។
California កំពុងតែឆ្លងកាត់ការឆ្លងរាលដាលនៃវីរុស Covid-19 ជាលើកទីបី ដោយមានករណីឆ្លងថ្មី និងស្លាប់ប្រចាំថ្ងៃ កើនឡើងខ្ពស់មិនធ្លាប់មាន។ តួលេខអ្នកស្លាប់នៅក្នុងរយៈពេល2ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ គឺ 113នាក់ ខណៈដែលករណីឆ្លងថ្មីនៅក្នុងថ្ងៃទី5ធ្នូ មានដល់ទៅ 30,075នាក់។ គិតមកដល់បច្ចុប្បន្ន រដ្ឋ California បានរកឃើញអ្នកឆ្លងវីរុសសរុប ជាង 1.3លាននាក់ និងអ្នកស្លាប់ជិត 20,000នាក់ ខណៈដែលនៅទូទាំងសហរដ្ឋអាមេរិក មនុស្សចំនួនជាង 15លាននាក់ត្រូវបានគេរកឃើញថា បានឆ្លងវីរុស Covid-19 ក្នុងនោះមានជាង 290,440នាក់បានបាត់បង់ជីវិត៕
ប្រភព៖ AFP, Worldometers