ការក្រោធខឹងនៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធខឹងនោះវារលាយបាត់ទៅវិញជាមួយនឹងខ្យល់ដង្ហើម តែបើការក្រោធខឹងណាដែលបង្កឱ្យកើតអារម្មណ៍គ្រោតគ្រាតតានតឹងប្រមូលសន្សំនៅក្នុងគំនិតយ៉ាងមិនឈប់ឈរនោះ វានឹងបង្កឱ្យកើតបច្ច័យប្រថុយនឹងអាការឈឺក្បាលបាន។
តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការជនជាតិអាមេរិកទៅលើមនុស្សពេញវ័យចំនួនជាង 4,200នាក់ បានរកឃើញថា ភាពខឹងក្រេវក្រោធនឹងជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូននៃភាពថុញថប់តានតឹងចេញមកច្រើនជ្រុលពេក បេះដូងដើរកាន់តែលឿនឡើង សម្ពាធឈាមស្ទុះឡើងខ្ពស់ ហើយរាងកាយក៏នឹងមានប្រតិកម្មតបស្នង ដូចជាកើតការឈឺក្បាល និងញ័រទ្រូង ជាដើម ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិត រ៉ូប៊ើត នីខូលសុន អ្នកជំនាញការផ្នែកចិត្តវិទ្យា និងសង្គមរបស់មហាវិទ្យាល័យ សេនត៍ លុយស៍ មានដំបូន្មានក្នុងការការពារអាការឈឺក្បាលដូចខាងក្រោមនេះ៖
- រម្ងាប់កំហឹងភ្លាមៗ : ចូរដកដង្ហើមចេញចូលវែងៗ 3ដង ព្រោះវានឹងជួយបំបាត់ភាពតានតឹងធុញថប់បាន។
- រម្ងាប់ភាពក្រេវក្រោធខឹងគុំគួន : ចូរផ្លាស់ប្តូរទីកន្លែង ឬចេញពីកន្លែងនោះភ្លាម បើអាចទៅរួច។ ចូរប្រើការគិតដោយការសាងការនឹកស្រមៃថា អ្នកកំពុងតែរត់ឡើងហត់ដង្ហក់។
- និយាយមិនចេញ ប្រាប់មិនកើត(តឹងដើមទ្រូង) : ឧបមាថា យើងកំពុងតែខឹងលោកប្រធានរបស់យើង និងយើងមិនអាចនិយាយចេញមកតាមការគិតបាន តែយើងអាចនិយាយឱ្យអ្នកឯទៀតស្តាប់បាន ដូចជាសង្សារ ឬមិត្តជិតស្និទ្ធ ឬមនុស្សក្នុងគ្រួសារ ជាដើម ព្រោះវានឹងជួយរំលាយអារម្មណ៍អវិជ្ជមាននោះបាន។
- កុំគិតច្រើន : ចូរសួរខ្លួនឯងថា ហេតុអីបានខឹង? អ្នកណាធ្វើឱ្យខឹង? ឬមានមូលហេតុមកពីស្ថានការណ៍ណាមួយឬក៏អត់? ទាំងអស់នេះ ការគិតសាចុះសាឡើងច្រើនដង នឹងជួយឱ្យខួរក្បាលភ្លឺថ្លាឡើង។
- គិតតែរឿងដដែលៗ : កុំរវល់តែគិតវិលវល់ក្នុងរឿងចាស់ដដែលៗ ដែលអ្នកមិនអាចគ្រប់គ្រងវាបាន ហើយអ្វីដែលអាចធ្វើបាននោះគឺ អ្នកគួរផ្លាស់ប្តូរខ្លួនឯង មិនមែនផ្លាស់អ្នកដទៃទេ និងគួរចៀសវាងពីការគិតដែលជាពណ៌ស ឬពណ៌ខ្មៅ ព្រោះរឿងមួយចំនួនវាអាចមានល្អ អាក្រក់លាយឡំចូលគ្នា រហូតក្លាយជាពណ៌ប្រផេះបាន។ ចូរអ្នកគិតដល់មនុស្ស និងរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងមានសេចក្តីសុខ ក៏វាអាចជួយបានដែរ។
- យកឈ្នះភាពគុំកួន : អ្នកគួររៀនយល់ដឹងពីការអត់ទោស ទោះជាវាពិបាកខ្លាំងក្លាប៉ុនណាក៏ដោយ តែក៏វាជាវិធីមួយដែលល្អបំផុត ដើម្បីឱ្យអ្នកអាចយកឈ្នះការក្រេវក្រោធដែលនឹងកើតឡើងនៅពេលអនាគតបានដែរ៕