
ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 8ធ្នូ 2020 នេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 2ករណីបន្ថែមទៀត ដែលនាំឱ្យតួលេខនៃអ្នកបានឆ្លងវីរុសនេះកើនដល់ 350នាក់។
អ្នកវិជ្ជមាននឹង Covid-19 ចំនួន 2នាក់នេះ រួមមាន៖ ទីមួយគឺ បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ22ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងហាង Zendo បឹងកេងកង។ ទីពីរគឺ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ 35ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងហាង Pedro។
ក្រៅពីករណីវិជ្ជមានខាងលើ ក្រសួងសុខាភិបាលក៏បានឱ្យដឹងថា មានករណីជាសះស្បើយចំនួន1នាក់ផងដែរ ដែលជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង ឈ្មោះ ឈួយ សារូ អាយុ 45ឆ្នាំ ស្នាក់នៅទីក្រុងប៉ៃលិន ខេត្តប៉ៃលិន។

គិតមកដល់ថ្ងៃទី 8ធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 350នាក់ ក្នុងនោះមាន 307នាក់បានជាសះស្បើយ និង 43នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នាទីក្រុងភ្នំពេញ៕



