មនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច 292នាក់ផ្សេងទៀតត្រូវចូលពេទ្យ ព្រោះតែមានអាការប្រកាច់ដ៏ចម្លែក នៅក្នុងតំបន់ភាគអាគ្នេយ៍៍នៃប្រទេសឥណ្ឌា ខណៈដែលសារព័ត៌មាននានាបានព្រមានអំពី «ជំងឺអាថ៌កំបាំង» ថ្មី។
ជំងឺចម្លែកដែលមានអាការដូចទៅនឹងជំងឺឆ្កួតជ្រូកនេះ បានឆ្លងរាលដាលនៅទីក្រុង Eluru រដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា បណ្ដាលឱ្យអ្នកដែលបានឆ្លងជំងឺនេះបាត់បង់ស្មារតីភ្លាមៗ ក្រោយពីមានអាការប្រកាច់ បែកពពុះមាត់ និងក្អួតចង្អោរ។
មនុស្សយ៉ាងហោចណាស់ 292នាក់ត្រូវចូលមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព បន្ទាប់ពីមានអាការដូចខាងលើ ហើយភាគច្រើននៃពួកគេ ត្រូវបានឱ្យចេញពីមន្ទីរពេទ្យ ក្រោយសុខភាពបានល្អប្រសើរឡើងវិញ ប៉ុន្តែ មានបុរសវ័យ 45ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅថ្ងៃទី 6ធ្នូ នៅមន្ទីរពេទ្យ Eluru។
ក្រុមវេជ្ជបណ្ឌិត មិនអាចរកឃើញមូលហេតុរបស់អាការដូចបានរៀបរាប់ខាងលើទេ ព្រោះថា ការធ្វើតេស្តឈាម ការស្កេនខួរក្បាល និងខួរឆ្អឹងខ្នង សុទ្ធតែមិនបានរកឃើញអ្វីខុសប្រក្រតី។ សូមបញ្ជាក់ថា អ្នកជំងឺទាំងអស់សុទ្ធតែអវិជ្ជមាននឹង Covid-19។
សារព័ត៌មានឥណ្ឌា ដកស្រង់សម្ដីរបស់បុគ្គលិកសុខាភិបាលបានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមអ្នកជំងឺដែលមានអាការដូចខាងលើ មិនមានជាប់ទាក់ទងអ្វីជាមួយគ្នាតាមរយៈវិធីណាមួយឡើយ ឧទាហរណ៍ដូចជា ពួកគេជាអ្នកដែលបានចូលរួមព្រឹត្តិការណ៍មួយជាមួយគ្នាជាដើម។ អ្នកជំងឺភាគច្រើនគឺជាមនុស្សចាស់ និងកុមារ។
ក្រុមអ្នកជំនាញផ្នែកសុខាភិបាលកំពុងតែធ្វើការស្រាវជ្រាវទៅលើផ្នែកជាច្រើន រួមមានទាំងលទ្ធភាពនៃការពុលខ្យល់ ឬទឹកដោះគោមានផ្ទុកមេរោគជាដើម។ ព័ត៌មានមួយចំនួនជឿថា នេះគឺជាអាការដែលកើតឡើងពីភាពស្លន់ស្លោតាមគ្នា។
ក្រុមមន្ត្រីនៅក្នុងរដ្ឋ Andhra Pradesh បានធ្វើការពិនិត្យទៅលើសំណាកទឹកជាច្រើនកន្លែងនៅក្នុងតំបន់ដែលអ្នកជំងឺរស់នៅ ប៉ុន្តែមិនបានរកឃើញសារធាតុពុល និងកខ្វក់នោះដែរ។
វេជ្ជបណ្ឌិត Suhasini មកពីការិយាល័យសុខាភិបាលស្រុក Krishna នៃរដ្ឋ Andhra Pradesh ថ្លែងថា៖ «យើងកំពុងតាមដានសុខភាពរបស់អ្នកជំងឺនៅតំបន់ Eluru។ ក្នុងការធ្វើការរយៈពេល 25ឆ្នាំមកនេះ ខ្ញុំមិនធ្លាប់បានឃើញករណីបែបនេះទេ»៕
ប្រភព៖ Sputnik News