រហូតមកដល់បច្ចុប្បន្ន នៅពេលអ្នកជំងឺឆ្លងមេរោគឆ្កែឆ្កួត និងចាប់ផ្ដើមបង្ហាញអាការខាងប្រព័ន្ធប្រសាទ នឹងមានអត្រាការស្លាប់ដោយសារជំងឺនេះដល់ទៅ 100%នោះគឺ មិនទាន់ឃើញមានការព្យាបាលជំងឺឆ្កែឆ្កួតបានឡើយ តែសំណាងល្អដែលផ្នែកវេជ្ជសាស្រ្តអាចរកឃើញវ៉ាក់សាំងដែលជួយការពារមេរោគមិនឱ្យចូលទៅក្នុងប្រព័ន្ធប្រសាទក្នុងរាងកាយមនុស្សបាន តែត្រូវប្រញាប់ចាក់ឱ្យអ្នកដែលត្រូវសត្វឆ្កែខាំ ឬត្រូវសត្វឆ្កែលិទ្ធកន្លែងដែលមានដំបៅ ឬស្នាមរបួស មុនពេលដែលរាងកាយអ្នកជំងឺឆ្លងមេរោគចូលរហូតបង្ហាញអាការចេញមក។
នៅពេលដែលមនុស្សជាច្រើនបានដឹងរឿងនេះហើយ ទើបបច្ចុប្បន្នចាប់ផ្ដើមមានអ្នកស្លាប់ដោយសារមេរោគឆ្កែឆ្កួតថយចុះ រហូតអាចធ្វើឱ្យមនុស្សជាច្រើនលែងបានដឹងថា អាការរបស់អ្នកដែលឆ្លងមេរោគឆ្កែឆ្កួតមែនទែននោះយ៉ាងណាខ្លះ និងអាចកើតការយល់ច្រឡំតាមរយៈព័ត៌មាននៅក្នុងអ៊ីនធើណិតដែលបានចែករំលែកតៗគ្នានោះបានទៀតផង ដូច្នេះពេលនេះយើងនាំគ្នាមកដឹងពីអាការរបស់អ្នកឆ្លងមេរោគឆ្កែឆ្កួតដែលការពិតទៅមានសភាពយ៉ាងណាខ្លះដូចតទៅ…។
អាការរបស់អ្នកដែលឆ្លងមេរោគឆ្កែឆ្កួត
រយៈដំបូង អ្នកជំងឺអាចមានគ្រុនក្ដៅតិចៗ ឈឺក មិនឃ្លានអាហារ បន្ទាប់ពីនើអាចមានអារម្មណ៍ឈឺផ្សាក្ដៅនៅត្រង់កន្លែងដែលត្រូវឆ្កែខាំ ទោះជាស្នាមរបួសជាសះហើយក៏ដោយ។ តមកនឹងចាប់ផ្ដើមពិបាកក្នុងការលេបទឹក និងអាហារ ដោយសារមានអាការឈឺដែលបណ្ដាលមកពីការពង្រឹងខ្លួនរបស់សាច់ដុំដែលធ្វើការលើការលេប។ ចាប់ផ្ដើមមានអាការខ្លាចទឹក ឡេះឡះឆ្លេឆ្លា មិនចូលចិត្តកន្លែងភ្លឺៗ ខ្យល់ និងសំឡេងឮខ្លាំង អាចមានទឹកមាត់ស្អិតៗ ខាប់ៗហៀរចេញមកតាមមាត់ រហូតចុងក្រោយលែងមានសតិស្មារតី ប្រកាច់ ស្ពឹកមួយកំណាត់ខ្លួន និងស្លាប់បាត់បង់ជីវិតនៅទីបំផុត។
តើត្រូវធ្វើយ៉ាងណាពេលត្រូវឆ្កែខាំ ឬលិទ្ធចំកន្លែងដំបៅ ឬស្នាមរបួស
- ប្រញាប់លាងស្នាមរបួសឱ្យបានលឿនបំផុត លាងដោយទឹកស្អាត ជាមួយសាប៊ូ ឬថ្នាំសម្លាប់មេរោគ ដូចជាថ្នាំបេតាឌីន ឬទឹកអាល់កុល70% និងព្យាយាមលាងចូលឱ្យជ្រៅទៅដល់បាតស្នាមរបួស។ ទាំងអស់នេះ បើទំហំរបស់ស្នាមរបួស និងទីតាំងរបស់ស្នាមរបួសរឹតតែនៅជិតខួរក្បាលប៉ុនណា ក៏រឹតតែប្រថុយប្រថាននឹងរយៈពេលសម្ងំពង្រីកខ្លួនរបស់មេរោគដែលនឹងចូលទៅដល់ខួរក្បាលបានលឿនប៉ុននោះដែរ។
- ទទួលសារធាតុប្រឆាំងការពារ ដើម្បីឱ្យចូលទៅបំផ្លាញមេរោគមិនឱ្យចូលទៅដល់សរសៃប្រសាទ ដោយនឹងផ្ដល់សារធាតុតតាំងដំណាលគ្នាការចាក់ថ្នាំវ៉ាក់សាំងការពារ។ ចាក់ជុំវិញស្នាមរបួសដែលត្រូវសត្វខាំ តែបើគ្មានស្នាមរបួស ដូចជាត្រូវសត្វលិទ្ធមាត់ ឬទឹកមាត់សត្វខ្ទាតចូលភ្នែកអាចចាក់ថ្នាំតាមសាច់ដុំបាន។
- ប្រញាប់ទៅមន្ទីរពេទ្យដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ដើម្បីឱ្យរាងកាយមានប្រព័ន្ធប្រឆាំងឡើងមកបំផ្លាញមេរោគដោយខ្លួនឯង៕