ក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 4នាក់បន្ថែមទៀត ដែលនេះគឺករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 28វិច្ឆិកា ដែល Covid-19 បានចាប់ផ្ដើមឆ្លងចូលសហគមន៍។
ករណីវិជ្ជមានចំនួន 4 នាក់ថ្មីនេះ រួមមាន ៖ ទីមួយ បុរសជនជាតិខ្មែរអាយុ 39ឆ្នាំ នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ទីពីរ ស្ត្រីជនជាតិខ្មែរ អាយុ 32ឆ្នាំ ជាភរិយារបស់បុរសអ្នកជំងឺខាងលើ និងទីបីគឺកុមារាជនជាតិខ្មែរ អាយុ3ឆ្នាំ ត្រូវជាកូនរបស់អ្នកជំងឺខាងលើ។ ទីបួន គឺបុរសជនជាតិខ្មែរ អាយុ22ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 335នាក់ ក្នុងនោះមាន 304នាក់បានជាសះស្បើយ និង 31នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នារាជធីនីភ្នំពេញ។