ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ…មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។
ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះលោកនាយ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។
តែឈប់សិន…អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះបង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។
ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការលាងសម្អាតដៃមុនពេលបរិភោគអាហារ…ប្រើស្លាបព្រា-សមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ”រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ…មិនអានសៀវភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារ ជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោកប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។
ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះ លោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល ។
ក្នុងអំឡុងពេលដែលលោកឪពុក-អ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន…ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1 ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថាកូនព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចាន ជាដើមក្ដី សូមលោកឪពុក-អ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង ទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៏ពីលោកប៉ា-អ្នកម៉ាក់បាន។ ចំណុចទី2 គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។
តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុក-ម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕