សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុកដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ?
ការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយមនុស្សយើង ប្រៀបដូចជាការធ្វើការរបស់គ្រឿងចក្រ ឬម៉ាស៊ីនរថយន្តដែលត្រូវតែទទួលបាននូវការត្រួតពិនិត្យមើលសភាពការប្រើការយ៉ាងជាប់ជានិច្ចថា តើមានចំណែកណាមួយសឹករេចរឹល ខូចខាតដែរឬក៏អត់ ដើម្បីធ្វើការព្យាបាលបំប៉នរក្សាឱ្យស្ថិតនៅក្នុងសភាពដែលល្អបំផុត និងមានអាយុប្រើការបានយូរបំផុត។
ការមានជីវិតរស់នៅនាពេលបច្ចុប្បន្ននេះត្រូវប្រឈមនឹងបញ្ហាខាងសារធាតុពុលផ្សេងៗជាច្រើន រាងកាយបានទទួលសារធាតុពុល និងកើតមានការប្រមូលសន្សំនៅខាងក្នុងរាងកាយដោយយើងមិនបានដឹងខ្លួនឡើយ។ វាអាចបង្កឱ្យកើតជាជំងឺមួយចំនួនដែលនៅមិនទាន់បញ្ចេញអាការមកក្រៅឱ្យយើងឃើញ និងដឹងនៅឡើយ និងសម្រាប់រោគខ្លះ ទម្រាំតែយើងបានដឹង វាអាចនឹងហួសពេលកែកុនទៅហើយក៏មានដែរ។
ក្នុងរយៈពេល 1ឆ្នាំៗ យើងគួរតែរៀបចំពេលវេលាឱ្យខ្លួនឯងក្នុងការទៅពិនិត្យសុខភាពប្រចាំឆ្នាំ ដើម្បីពិនិត្យមើលការធ្វើការងាររបស់អវយវៈ និងប្រព័ន្ធផ្សេងៗរបស់រាងកាយយ៉ាងលម្អិត ព្រោះការពិនិត្យសុខភាពនឹងជួយកាត់បន្ថយអត្រាការបាត់បង់ជីវិតពីជំងឺមួយចំនួនបាន ដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជាដើម និងវាថែមទាំងបានប្រាប់ឱ្យយើងដឹងពីសញ្ញារបស់ជំងឺ ឬរោគផ្សេងៗ មុននឹងវារីករាលដាលធ្ងន់ធ្ងររហូតពិបាកនឹងព្យាបាល ឬខាតបង់ប្រាក់កាសច្រើនក្នុងការព្យបាលទៀតផង។
ព័ត៌មានដែលមានប្រយោជន៍តាមរយៈការពិនិត្យសុខភាព
- វាស់សម្ពាធឈាម ជីពចរ និងពិនិត្យរាងកាយដោយគ្រូពេទ្យ(PE) : ដើម្បីពិនិត្យមើលកម្រិតសម្ពាធឈាមថា តើស្ថិតនៅក្នុងកម្រិតប្រក្រតីឬទេ? ហើយយលោកគ្រូពេទ្យនឹងពិនិត្យមើលរាងកាយជាទូទៅថា តើលក្ខណៈ និងអវយវៈផ្សេងៗ ដូចជា ត្រចៀក ក ច្រមុះ សួត និងការធ្វើការរបស់បេះដូងនៅប្រក្រតីឬទេ?។
- ភាពខុសប្រក្រតីរបស់គ្រាប់ឈាម និងកំហាប់របស់ឈាម(CBC) : ដើម្បីឱ្យបានដឹងថា តើមានកើតរោគលោហិតស្លេកឬទេ? បរិមាណ និងប្រភេទរបស់គ្រាប់ឈាមសដែលខុសប្រក្រតី អាចនាំទៅរកការងាយឆ្លងមេរោគ និងដើម្បីពិនិត្យរកមើលមេរោគមហារីកនៅក្នុងគ្រាប់ឈាមផងដែរ។
- កម្រិតជាតិស្ករនៅក្នុងឈាម(FBS) : ដើម្បីពិនិត្យរកមើលភាពប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមានទម្ងន់ខ្លួនច្រើន(ធាត់) ឬគ្រួសារដែលមានប្រវត្តិកើតរោគទឹកនោមផ្អែម។
- ការធ្វើការរបស់ក្រលៀន(BUN) : ជាការវាស់កម្រិតសារធាតុគីមីនៅក្នុងឈាម ដើម្បីមើលពីសមត្ថភាពរបស់ក្រលៀនក្នុងការបញ្ចេញវត្ថុកខ្វក់ និងពិនិត្យរកសភាវក្រលៀនចុះខ្សោយ ឬឈប់ធ្វើការ។
- ការធ្វើការរបស់ថ្លើម(SGOT & SGPT) : ដើម្បីពិនិត្យមើលបរិមាណអង់ហ្ស៊ីមក្នុងថ្លើមថា តើខុសប្រក្រតីឬទេ? បើសិនជាមានកម្រិតខ្ពស់ជាងប្រក្រតីនោះ បញ្ជាក់ថា អាចនឹងមានអាការរលាកថ្លើម។
- ពិនិត្យមើលការធ្វើការរបស់ថ្លើមយ៉ាងលម្អិត(Alkaline Phosphatase & Bilirubin) : ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ថ្លើម ដូចជាខាន់លឿង ឬបំពង់ទឹកប្រមាត់ណែនស្ទះ ជាដើម។
- ខ្លាញ់ កូលេស្តេរ៉ូល(Cholesterol) : ដើម្បីពិនិត្យមើលកម្រិតជាតិខ្លាញ់ កូលេស្តេរ៉ូលក្នុងឈាមថា តើមានបរិមាណខ្ពស់ជ្រុលពេកឬទេ? បើកម្រិតជាតិខ្លាញ់ឡើងខ្ពស់ វានឹងធ្វើឱ្យសរសៃឈាមណែនតាន់ ដែលជាដើមហេតុរបស់ជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ស្ពឹកពិការមួយកំណាត់ ឬមួយចំហៀងខ្លួន ជាដើម។
(នៅមានត)