កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែលយើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាចរត់បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពាលេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ” ដូច្នេះដើម្បីជួយឱ្យកូនតូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទីយ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។
“កាល់ស្យូម” គឺជាសារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិសេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការបញ្ចេញរបស់អ័រម៉ូន ។
តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?
កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរទៅមុខយ៉ាងយឺត។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតភាពខុសប្រក្រតីរបស់រាងកាយបាន ដូចជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។
កាល់ស្យូមនៅឯណា…តើរកញ៉ាំបានពីអាហារអ្វី?
- ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្រ្គីម-ល- ព្រោះទឹកដោះស្រស់ គឺជាប្រភពអាហារដ៏កំពូលដែលមានជាតិកាល់ស្យូមច្រើនបំផុត ទើបចាំបាច់ខ្លាំងណាស់ដែលកុមារត្រូវតែញ៉ាំទឹកដោះគោស្រស់ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2កែវ។
- គ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកស្ងួត និងផលិតផលដែលធ្វើពីគ្រាប់សណ្តែក ដូចជាតៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ងស-ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
- សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពឹស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
- បន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃចង្កឹះ ប្រូខូលី ស្លឹកបាស ផ្លែពពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំញង។ល។
នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយឱ្យបានជាប់ជានិច្ច ព្រោះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារជាតិរ៉ែដ៏សំខាន់មួយដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបានជារៀងរាល់ថ្ងៃ៕