ប្រទេសអ្នកមានជាងគេចំនួន 32 ក្នុងពិភពលោក បានបញ្ជាទិញជាមុន (pre-order) ជាងពាក់កណ្ដាលនៃបរិមាណសរុបរបស់វ៉ាក់សាំង Covid-19 នៅទូទាំងពិភពលោក ប៉ុន្តែ ប្រទេសទាំងនេះ មានប្រជាជនត្រឹមតែ 13% ប៉ុណ្ណោះនៃប្រជាជនសរុបក្នុងពិភពលោក។
យោងតាមលទ្ធនៃការប្រើប្រាស់សាកល្បងវ៉ាក់សាំង Covid-19 ដំណាក់កាលទីបី និងសេចក្ដីប្រកាសអំពីផលិតភាពដែលបានគ្រោងទុកពីបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង យើងអាចនឹងមានវ៉ាក់ស៊ាំង Covid-19 គ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជនចំនួន 1/3 ក្នុងពិភពលោកនៅចុងឆ្នាំ 2021។ ប៉ុន្តែ ពលរដ្ឋជាច្រើននៅក្នុងបណ្ដាប្រទេសក្រីក្រ អាចនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ 2023 ឬ 2024 ទើបអាចមានវ៉ាក់សាំងដើម្បីចាក់នឹងគេ។ នេះគឺជាទិដ្ឋភាពដែលត្រូវបានព្យាករដោយមជ្ឈមណ្ឌលកែប្រែសុខាភិបាលសកល Duke ដែលមានទីស្នាក់ការនៅតំបន់ Durham ក្នុងរដ្ឋ Carolina ខាងជើងនៃសហរដ្ឋអាមេរិក។
មើលទៅលើក្រុមហ៊ុនចំនួន 3 ដែលកំពុងកាន់កាប់បេក្ខភាពវ៉ាក់សាំង Covid-19 ដែលមានសក្ដានុពលបំផុត គឺក្រុមហ៊ុន AstraZeneca, Pfizer និង Moderna។ តាមការគណនា បរិមាណសរុបនៃផលិតផលរបស់ពួកគេ អាចធានាការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ចំនួន 5.3 ពាន់លានអំពូលនៅក្នុងឆ្នាំ 2021។
តាមការគណនា បរិមាណវ៉ាក់សាំងនេះអាចចាក់ឱ្យមនុស្សចាប់ពី 2.6 ដល់ 3.1 ពាន់លាននាក់នៅលើពិភពលោក អាស្រ័យទៅលើវ៉ាក់សាំងរបស់ ក្រុមហ៊ុន AstraZeneca ដែលអាចចាក់ទៅតាមសេណារីយ៉ោ 1.5អំពូល ឬ 2អំពូលសម្រាប់មនុស្សម្នាក់។
ក្រៅពីបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ ក៏នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដូច្នេះ រុស្ស៊ីជាដើម។ មូលនិធិវិនិយោគ Russia Direct ឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ទៅឱ្យមនុស្សចំនួន 500លាននាក់នៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ 2021។
នៅក្នុងពិភពលោក មានប្រទេសចំនួន 32 ហើយដែលបានបញ្ជាទិញជាងពាក់កណ្ដាលនៃបរិមាណវ៉ាក់សាំងសរុបក្នុងពិភពលោក ដែលប្រទេសទាំងនេះមានប្រជាជនសរុបប្រហែល 13% ប៉ុណ្ណោះ បើធៀបនឹងប្រជាជនសរុបទូទាំងសកលលោក។ កាណាដា បច្ចុប្បន្នគឺជាប្រទេសដែលឈរលើកំពូលតារាង ដោយប្រជាជនម្នាក់ៗរបស់ប្រទេសនេះ អាចនៅសល់វ៉ាក់សាំងដែលអាចចាក់បានរហូតដល់ 9ដងឯណោះ។
ប្រការខាងលើនេះ នឹងនាំឱ្យបណ្ដាប្រទេសក្រីក្រ ជួបការលំបាកខ្លាំងដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជាទិញជាមុននូវវ៉ាក់សាំងដែលមានសក្ដានុពល។ ក៏ប៉ុន្តែ បណ្ដាប្រទេសក្រីក្រ នៅមានក្ដីសង្ឃឹមផ្សេងមួយទៀត នោះគឺការរំពឹងទៅលើការរួមចំណែករបស់ COVAX ដែលជាមូលនិធិបែងចែកវ៉ាក់សាំងស្មើភាពគ្នា។
COVAX ត្រូវបានបង្កើតឡើង និងដំណើរការដោយអង្គការចំនួន 3 រួមមាន សម្ព័ន្ធផ្លាស់ប្ដូរត្រៀមសម្រាប់ការទប់ទល់នឹងរោគរាតត្បាត (CEPI) អង្គការសុខភាពពិភពលោក (WHO) និង Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំង និងជាអង្គការមិនស្វែងរកកម្រៃឯកជន ដែលធ្វើសកម្មភាពក្នុងវិស័យផ្ដល់ជំនួយវ៉ាក់សាំងទៅឱ្យបណ្ដាប្រទេសដែលមានចំណូលទាប។
រហូតមកដល់ពេលនេះ COVAX បានបញ្ជាទិញជាមុននូវវ៉ាក់សាំង Covid-19 ចំនួន 700លានអំពូល ហើយបើតាមគម្រោង អង្គការនេះនឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន 2 ពាន់លានអំពូលនៅក្នុងឆ្នាំ 2021 ដើម្បីជួយដល់ប្រជាជនយ៉ាងតិច 20% នៅក្នុងបណ្ដាប្រទេសដែលបានចូលរួមជាមួយអង្គការនេះ។ បច្ចុប្បន្ន មានប្រទេសជាង 198 ដែលបានចុះឈ្មោះចូលរួមជាមួយនឹងអង្គការ COVAX ដោយរួមមានទាំងបណ្ដាប្រទេសអ្នកមានផងដែរ។
ក្រៅពីនេះ ក្ដីសង្ឃឹមមួយផ្សេងទៀតដែលបណ្ដាប្រទេសក្រីក្រអាចរង់ចាំ នោះគឺការផ្ដល់ជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសអ្នកមានដែលពួកគេប្រើប្រាស់វ៉ាក់សាំងមិនអស់។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថា ក្ដីសង្ឃឹមនេះ ពិតជាស្ដួចស្ដើងខ្លាំងណាស់៕
ប្រភព៖ Nature