Skip to content

ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

ក្រសួងសុខាភិបាល​កម្ពុ​ជា នា​រសៀល​ថ្ងៃទី 1ធ្នូ​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ឱ្យដឹងថា ក្រសួង​បាន​រកឃើញថា មាន​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ត្រូវបាន​ផ្សព្វផ្សាយ​លក់​នៅលើ​បណ្ដាញ​សង្គម Facebook ដោយ​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​សង្កេតឃើញ និង​ជូនដំណឹង​ថា គណនី Facebook ឈ្មោះ M-Shop, ពិភព បុរស​ពិត, ពិភព​ក្ដី​សុខ​បុរស, ZoZo បង្កើន​ថាមពល, ZO-ខ្លាំង​ពិត, Zozo-ហាង​បុរស, Xoxo plus man, Bro ManTher និង​គណនី​ឈ្មោះ Zozo swiss កំពុងតែ​ផ្សាយ​លក់​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​ដែលមាន​ឈ្មោះថា ZOZO និង XOXO ដោយ​មិនមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល រាប់​ចាប់ពី​ថ្ងៃទី វិច្ឆិកា2020។

ដូច្នេះ ក្រសួង​ក៏​តម្រូវឱ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​សកម្មភាព​លក់​ផលិតផល​ដែលមាន​ឈ្មោះថា ZOZO និង XOXO ជាបន្ទាន់ ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ។

ដោយយោង​ទៅតាម​ច្បាប់​ស្ដីអំពី​ការគ្រប់គ្រង​ឱសថ រួម​នឹង​ច្បាប់​ដែល​ពាក់ព័ន្ធ រាល់​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ស្រដៀង​នឹង​ឱសថ ត្រូវតែមាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល។ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ដែលជា​អ្នកប្រើប្រាស់ ឱ្យមាន​ការពិនិត្យ​ត្រឹមត្រូវ​មុននឹង​សម្រេចចិត្ត​ទិញ​ផលិត​អ្វីមួយ។

សូមបញ្ជាក់ថា ឱសថ ឬ​ផលិតផល​បំប៉ន​សុខភាព​គឺជា​កាំ​បិតមុខ​ពីរ ហើយ​ពួកវា​ក៏​អាចជា​របស់​ក្លែងក្លាយ​ក៏​ថា​បាន បើសិន​ជាមាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព អ្នកប្រើប្រាស់​ចាំបាច់​ត្រូវតែ​ស្គាល់​ថា ឱសថ ឬ​ថ្នាំ​បំប៉ន​ដែល​នឹង​ទិញយក​មកប្រើប្រាស់​នោះ គឺជា​របស់​ពិត ឬ​ក្លែងក្លាយ ចៀសវាង​ការប្រើប្រាស់​ផលិតផល​ខុសច្បាប់​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព។ ដើម្បី​ច្បាស់​អំពី​ប្រការនេះ ក្រសួង​បាន​បញ្ជាក់ថា “ឱសថ​ដែល​ស្របច្បាប់​គឺមាន​លក្ខណ​ដូចតទៅ៖ ទីមួយ​គឺ ផ្នែក​ខាងលើ​មានឈ្មោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​ទី​ពីរ​គឺ ផ្នែក​ខាងក្រោម​មាន​លេខ​បញ្ជិកា​ដូច​គំរូ​ដែលមាន​ភ្ជាប់​មកជា​មួយ”៕

ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​មួយចំនួន​ដែល​លក់​ក្នុង​បណ្ដាញ​សង្គម ត្រូវបាន​ក្រសួង​ហាមឃាត់​ជាបន្ទាន់

Leave a Reply

Your email address will not be published. Required fields are marked *