មនុស្សជាច្រើនដែលស្រឡាញ់សុខភាព និងមើលថែទាំខ្លួនឯងជាប់ជានិច្ចនោះ អាចគិតថា បើបានហាត់ប្រាណជាប្រចាំរៀងរាល់ថ្ងៃ និងជ្រើសរើសទទួលទានតែអាហារដែលមានប្រយោជន៍ ប្រហែលជាមានសុខភាពល្អមិនខាន។ មេរោគផ្សេងៗដែលជាមូលហេតុធំរបស់ជំងឺទាំងឡាយ ច្បាស់ជាគ្មានផ្លូវអាចធ្វើអ្វីរូបគេបានឡើយ។
តែការពិតទៅ ទង្វើមួយចំនួនដែលយើងនាំគ្នាធ្វើជាប្រក្រតីរៀងរាល់ថ្ងៃនេះឯង ដែលជាតួឯកសំខាន់អាចធ្វើឱ្យសុខភាពរបស់យើងរងការប៉ះពាល់ និងធ្លាក់ចុះដុនដាបយ៉ាប់យ៉ឺននោះ។ ថ្ងៃនេះទស្សនាវដ្តី ឡា រ៉ែន បានទៅស្រាវជ្រាវរករឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធនឹងទង្វើប្រចាំថ្ងៃ មកជម្រាបជូនមិត្តអ្នកអានដែលជាសុភាពបុរសឱ្យបានជ្រាបដូចខាងក្រោម…។
1.ប្រើសាប៊ូជេលលាងសម្អាតដៃញឹកញាប់ជ្រុលពេក
បើអ្នក គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងប្រភេទដែលត្រូវតែលាងដៃ ឬប្រើក្រដាសអនាម័យជូតសម្អាតដៃយ៉ាងហ្មត់ចត់រៀងរាល់ក្រោយពេលចាប់ឃីបតកុំព្យូទ័រ ចាប់បង្កាន់ដៃជណ្តើរ ចាប់ដៃទ្វារបន្ទប់បង្គន់ហើយ ប្រភេទមិនទុកឱកាសឱ្យមេរោគកខ្វក់ណាមកតោងជាប់ដៃបានយូរនោះ វាគឺជារឿងល្អមួយហើយដែលអ្នកស្រឡាញ់ភាពស្អាតបាតមានអនាម័យបែបនោះ តែការពិតវិញ សាប៊ូជេល និងក្រដាសជូតដៃប្រភេទសើមនេះហើយដែលជាមេក្លោងធ្វើឱ្យស្បែករបស់អ្នកទៅជាស្ងួតខ្លាំងនោះ ព្រោះឧបករណ៍លាងសម្អាតដៃទាំងអស់នោះ មានចំណែកផ្សំរបស់ត្រៃខ្លូសាន (Triclosan) ជាសារធាតុមួយមានគុណសម្បត្តិក្នុងការទប់ស្កាត់មេរោគបាក់តេរីរួមជាមួយដែរ ដោយស្បែកនឹងបឺតយកសារធាតុនេះចូលទៅបានយ៉ាងងាយស្រួល ហើយលទ្ធផលដែលតាមមក គឺស្បែកនឹងឡើងស្ងួតក្រៀមហ្នឹងឯង។ វិធីដែលល្អបំផុត គឺចូលបន្ទប់ទឹកលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹកស្អាតធម្មតាប្រសើជាង។
2.ញ៉ាំទឹកបរិសុទ្ធទាំងដប(មិនដែលចាក់ចូលកែវញ៉ាំ)
យើងជឿថា បុរសភាគច្រើនសុទ្ធតែជ្រើសរើសញ៉ាំទឹកដោយវិធីនេះទាំងអស់ ព្រោះវាងាយស្រួល រហ័ស ហើយថែមទាំងមិនបាច់ខាតពេលលាងសម្អាតកែវទៀតផង តែអ្នកដឹងទេថា កម្មវិធីផលិតទឹកពិសានៅក្នុងដបប្លាស្ទិកផ្សេងៗនេះធ្វើឱ្យសារធាតុរ៉ែសំខាន់ៗនៅក្នុងទឹកបាត់បង់អស់ ហើយវានឹងចូលទៅរាំងស្ទះប្រព័ន្ធការធ្វើការងារក្នុងផ្នែកសាងកម្លាំងថាមពល និងប្រព័ន្ធការជួសជុលសាច់ដុំឱ្យធ្វើការមិនបានពេញសមត្ថភាពទៀតផង។
3.ឈប់ហាត់ប្រាណបែបការ៍ឌីយោ ហើយបែរទៅហាត់ប្រាណលើកទម្ងន់វិញ
អ្នកណាដែលប្រាប់ថា វិធីហាត់ប្រាណបែបការ៍ឌិយោ មិនបានជួយបញ្ចុះទម្ងន់ស្មើនឹងការបញ្ចេញកម្លាំងលើកទម្ងន់(ដុំដែក)នោះ ប្រហែលជាត្រូវគិតឡើងវិញជាថ្មីហើយ ព្រោះទោះជាការលើកទម្ងន់វាជួយផ្លាស់ប្តូរដុំខ្លាញ់ជ្រាយៗឱ្យក្លាយទៅជាសាច់ដុំបានមែន តែបើមិនធ្វើលំហាត់ប្រាណបែបការ៍ឌិយោរួមជាមួយផងទេនោះ លទ្ធផលដែលទទួលបាន ប្រហែលជាមិនសូវមើលឃើញច្បាស់លាស់ប៉ុន្មានទេ។ ដូច្នេះចូរសាកល្បងបែងចែកពេលវេលាមករត់ មកហែលទឹក ឬក៏ធាក់កង់រួមជាមួយផង ធានាថា ទម្ងន់ខ្លួនដែលលើសនោះ នឹងរលាយបាត់ជាសន្សឹមៗនៅទីបំផុត។
4.ដុសសម្អាតធ្មេញភ្លាមៗក្រោយពេលបាយរួច
មនុស្សភាគច្រើន ច្រើនតែធ្វើតាមការណែនាំក្នុងរឿងការសម្អាតធ្មេញថា ត្រូវតែដុសសម្អាតធ្មេញ 2ដង គឺពេលព្រឹក និងមុនចូលគេងរៀងរាល់ថ្ងៃ ក្នុងខណ:ដែលអ្នកខ្លះខ្លាចធុំក្លឹនមាត់ ឬខ្លាចមានកម្ទេចអាហារនៅជាប់តាមជើងធ្មេញនោះ ក៏សម្រេចចិត្តដុសសម្អាតធ្មេញ និងមាត់ភ្លាមៗតែម្តងក្រោយពេលញ៉ាំបាយហើយរួចរាល់។ តែអ្នកដឹងទេថា ទង្វើនេះ វាហុចនូវផលអាក្រក់ដល់សុខភាពធ្មេញរបស់អ្នកលើសមុនទៅទៀត ដោយសារតែអាស៊ីតខ្លាញ់ដែលនៅសេសសល់ជាប់នៅលើធ្មេញ និងក្នុងប្រអប់មាត់ 0វានឹងទៅបំផ្លាញស្រទាប់ស្រោបខាងក្រៅរបស់ធ្មេញ ហើយបើសិនជាធ្វើបែបនោះញឹកញាប់ទៅ ស្រទាប់ក្រៅរបស់ធ្មេញនឹងត្រូវបំផ្លាញជានិរន្តរ៍បានយ៉ាងងាយ ក្រៅពីនេះនៅមានអាការស្រៀវធ្មេញតាមមកទៀតផង។ តែបើសិនជាទ្រាំមិនបាន ចង់តែដុសសម្អាតធ្មេញមែននោះ ឡារ៉ែនសុំណែនាំឱ្យរង់ចាំយ៉ាងតិចណាស់ 1ម៉ោងក្រោយ សឹមធ្វើការដុសសម្អាតធ្មេញចុះ។
5.ពាក់ស្បែកជើងផ្ទាត់ដើរពេញ 1ថ្ងៃ
សូមទទួលស្គាល់ថា ស្បែកជើងផ្ទាត់ គឺជាស្បែកជើងដែលពាក់ស្រួល និងសប្បាយស្រួលជើងជាទីបំផុត តែមាននរណាដឹងខ្លះទេថា ការពាក់ស្បែកជើងផ្ទាត់ចេញពីផ្ទះ ដើរទៅនេះ ដើរទៅនោះពេញ 1ថ្ងៃនោះ បែរជាហុចផលអាក្រក់ដល់សុខភាពជើងយ៉ាងខ្លាំងទៅវិញ(ជាពិសេសបរិវេណបាតជើង) ដូច្នេះបើសិនជាអាចទៅរួច ឡារ៉ែនចង់ណែនាំឱ្យងាកទៅពាក់ស្បែកជើងបែបផ្សេងខ្លះ ដូចជាស្បែកជើងបាតា ជាដើម ទោះជាវាមិនសូវសប្បាយជើងដូចស្បែកជើងផ្ទាត់មែន តែយ៉ាងហោចណាស់ក៏វាមិនបំផ្លាញសុខភាពជើងខ្លាំងពេកដែរ៕