ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។
អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមានចំពោះបរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមានអារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។
អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ច្រើនតែកើតចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាងកាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។
វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌
- ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹមស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។
- ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
- ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើស្ត្រីមានគភ៌ញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យខ្លួនប្រាណកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
- រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ជើងដាក់ឱ្យខ្ពស់ជាងចង្កេះ។
- ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
- ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ ក៏អាចកាត់បន្ថយអាការហើមបានដែរ។
- គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា(Venacava)៕