ពេលណាបានឮថា មានលោកតា លោកយាយណាម្នាក់មានអាយុវែងជាង 100ឆ្នាំ សារព័ត៌មាននានាបាននាំគ្នាទៅសម្ភាស និងសួរនាំអំពីវិធីការមើលថែទាំខ្លួនរបស់គាត់ នេះគឺដោយសារតែមនុស្សយើងគ្រប់គ្នាសុទ្ធតែចង់មានជីវិតរស់នៅលើពិភពលោកនេះឱ្យបានយូរបំផុតតាមដែលអាចយូរបានហ្នឹងឯង តែក្រៅពីការមើលថែទាំសុខភាពរាងកាយរបស់ខ្លួនឯងឱ្យនៅល្អហើយនោះ លទ្ធផលនៃការស្រាវជ្រាវវិភាគមួយបានបញ្ជាក់ប្រាប់ថា ទម្លាប់ និងទង្វើរបស់ខ្លួនយើងផ្ទាល់ក៏មានចំណែកធ្វើឱ្យយើងមានអាយុវែងបានដែរ និងថែមទាំងជួយឱ្យយើងមានជីវិតរស់នៅសុខសប្បាយនៅពេលចាស់ទៀតផង។ ចំណែកឯសំណួរដែលថា តើទម្លាប់ ទង្វើ និងលក្ខណៈនិស្ស័យដែលធ្វើឱ្យមនុស្សយើងមានអាយុវែងនោះ មានអ្វីខ្លះ? សូមតាមដានដូចតទៅ៖
1.មានសតិស្មារតី ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងភាពប្រយ័ត្នប្រយែង
នៅឆ្នាំ2012 សៀវភៅ The Longevity Project បានធ្វើការស្រាវជ្រាវពិនិត្យនៅលើមនុស្សដែលមានអាយុលើស 80ឆ្នាំ ហើយបានរកឃើញថា អ្នកដែលមានលក្ខណៈនិស្ស័យម៉ឺងម៉ាត់ហ្មត់ចត់ល្អិតល្អន់ រស់នៅប្រកបដោយសតិបញ្ញានឹងមានអាយុកាន់តែវែងឡើង។ អ្នកស្រាវជ្រាវបានចង្អុលបង្ហាញតទៀតថា បុគ្គលភាព និងលក្ខណៈនិស្ស័យកាលពីវ័យកុមារអាចប្រាប់ពីអំឡុងពេលនៃជីវិតរបស់មនុស្សយើងបាន។ មនុស្សដែលស្ថិតនៅក្នុងវ័យកំលោះ ក្រមុំម្នាក់ណាដែលរស់នៅយ៉ាងមានសតិស្មារតី មានភាពម៉ឺងម៉ាត់ហ្មត់ចត់ និងមានភាពទទួលខុសត្រូវលើខ្លួនឯង ច្រើនតែមានអាយុវែងជាងគេបំផុត នេះគឺដោយសារតែមនុស្សដែលមានចរិតលក្ខណៈនិស្ស័យបែបនេះចេះមើលថែទាំជីវិតខ្លួនឯងបានយ៉ាងល្អ និងចេះចៀសគេចពីភាពប្រថុយប្រថានក្នុងជីវិតទៀតផង។
2.អារម្មណ៍ល្អ និងងាយសើចសប្បាយ
អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ យេស៊ីវ៉ា បានធ្វើការពិសោធលើរឿងការមានអាយុវែងនេះ ដោយបានតាមដានសង្កេតមើលទង្វើ និងទម្លាប់របស់ក្រុមមនុស្សចាស់ៗ ហើយបានរកឃើញថា មនុស្សវ័យចំណាស់ភាគច្រើន ច្រើនតែមានអារម្មណ៍ល្អ និងជាមនុស្សដែលងាយអស់សំណើច ហើយអ្នកដែលមានអាយុលើស 100ឆ្នាំជាង 230នាក់ក៏មាននិស្ស័យឆាប់អស់សំណើចបែបនេះដូចគ្នាដែរ ដែលរឿងនេះធ្វើឱ្យគេល្មមអាចវាយតម្លៃបានថា អាការងាយញញឹម និងងាយសើចនេះ គឺជាគុណសម្បត្តិលេចធ្លោមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីទស្សនគតិដ៏ល្អរបស់បុគ្គលម្នាក់នោះ ហើយការរស់នៅប្រកបដោយទស្សនគតិដែលល្អនេះ នឹងធ្វើឱ្យអារម្មណ៍ និងផ្លូវចិត្តភ្លឺថ្លាស្រឡះ ដែលវានឹងទៅពាក់ព័ន្ធជាមួយនឹងសុខភាពក្នុងចំណុចល្អៗជាច្រើនទៀតផង។
3.មានទំនាក់ទំនង និងអំណោយទានល្អ
លទ្ធផលនៃការវិភាគស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី PloS Medicine កាលពីឆ្នាំ 2010 បានបង្ហាញឱ្យឃើញថា ក្រុមមនុស្សដែលមានទំនាក់ទំនងល្អ និងមានអំណោយទានល្អ អាចមានអាយុវែងឡើងរហូតដល់ 50% ដោយអត្ថបទនោះបានអធិប្បាយទៀតថា ការចងសម្ព័ន្ធភាពរវាងបុគ្គល មិនមែនមានផលប្រយោជន៍តែខាងផ្នែកផ្លូវចិត្តរបស់យើងប៉ុណ្ណោះទេ តែនៅមានផលប្រយោជន៍ល្អៗខាងផ្នែកសុខភាពរាងកាយទៀតផង ព្រោះការបានចេញទៅនៅក្នុងសង្គមដែលសម្បូរបែប នឹងធ្វើឱ្យយើងទទួលបានទស្សនៈថ្មីៗ បានដឹងពីព័ត៌មាន និងសារៈសំខាន់ផ្សេងៗ និងថែមទាំងបានរួមផ្លាស់ប្តូរអារម្មណ៍រវាងគ្នាទៅវិញទៅមកទៀតផង។
4.សម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន
មនុស្សដែលមានលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អ ក៏មានសញ្ញាថានឹងមានអាយុវែងដូចគ្នាដែរ ដោយអ្នកវិភាគទាំងនោះបានធ្វើការអធិប្បាយគាំទ្រលទ្ធផលនៃការវិភាគរបស់ខ្លួនថា បុគ្គលភាព និងលក្ខណៈនិស្ស័យសម្លឹងអ្វីៗជុំវិញខ្លួនក្នុងន័យល្អនេះ នឹងធ្វើឱ្យយើងមានទស្សនគតិបែបវិជ្ជមាន ហុចផលឱ្យផ្លូវចិត្ត និងសុខភាពរាងកាយបានទទួលប្រយោជន៍ល្អផងដែរ។
5.មានសេចក្តីសុខជាប់ជានិច្ច
គេនិយាយថា មនុស្សដែលមានសេចក្តីសុខជាប់ជានិច្ច ផ្លូវចិត្តក៏នឹងភ្លឺថ្លាដែរនោះ គឺជារឿងពិត…មនុស្សអាយុច្រើនដែលមានសេចក្តីសុខជាប់ជានិច្ច មានអត្រានៃការស្លាប់ថយចុះ 35% ឬមានអាយុវែងថែមឡើងទៀត 5ឆ្នាំ។ អ្នកវិភាគស្រាវជ្រាវបានវាយតម្លៃលើមនុស្សអាយុច្រើនជាង 3,000នាក់ ដោយបានធ្វើការសង្កេតអត្រាសេចក្តីសុខរបស់ពួកគេរហូតពេញ 1ថ្ងៃ និងទន្ទឹងរង់ចាំ និងសង្កេតមើលលទ្ធផលនៃការវិភាគ 5ឆ្នាំតមកទៀត ទីបំផុតលទ្ធផលនៃការវិភាគនោះបានធ្វើឱ្យពួកគេនឹកស្ងើចក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្តីសុខអាចធ្វើឱ្យមនុស្សចាស់កាន់តែមានអាយុវែងឡើងបានពិតប្រាកដមែន សូម្បីតែអ្នកដែលកំពុងមានជំងឺរ៉ាំរ៉ៃ ក៏នៅអាចប្រគងជីវិតខ្លួនបានឱ្យរស់បាន 5ឆ្នាំទៀតដែរ។
6.ចូលចិត្តចូលរួមក្នុងសង្គម
នៅឆ្នាំ2009 លទ្ធផលនៃការស្រាវជ្រាវមួយត្រូវបានផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីមនុស្សចាស់របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ថា អ្នកដែលមានអាយុវែងលើស 100ឆ្នាំ ដែលភាគច្រើន ច្រើនតែមានទង្វើចូលចិត្តចូលរួមក្នុងសង្គម មានអត្រាប្រថុយនឹងការកើតរោគសរសៃប្រសាទតិចបំផុត និងមានភាពស្ថិតស្ថេររឹងមាំខាងអារម្មណ៍ខ្ពស់ ធ្វើឱ្យចេះចាត់ការនឹងសភាវធុញថប់តានតឹងបានល្អជាងអ្នកដែលចូលចិត្តតែសម្ងំខ្លួនមិនចូលចិត្តចេញទៅក្រៅ៕