ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបឡើងដល់ 63,584,784នាក់ ក្នុងនោះអ្នកដែលបានបាត់បង់ជីវិត មានចំនួន 1,473,741នាក់ និង 43,980,097នាក់ផ្សេងទៀតបានជាសះស្បើយ ខណៈដែលអង្គការសុខភាពពិភពលោកបានសន្យាថា នឹង “ធ្វើគ្រប់យ៉ាង” ដើម្បីស្វែងរកប្រភពរបស់វីរុសនេះ។
សហរដ្ឋអាមេរិកនៅតែជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 13,919,870នាក់ និងអ្នកស្លាប់ចំនួន 274,332នាក់។
បន្ទាប់ពីសហរដ្ឋអាមេរិក ក៏នៅមានប្រទេសចំនួន 11ផ្សេងទៀតដែលមានអ្នកជំងឺ Covid-19 លើសពី 1លាននាក់ រួមមាន៖ ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អេស្ប៉ាញ អង់គ្លេស អ៊ីតាលី អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក និងអាល្លឺម៉ង់។
ចំណែកប្រទេសដែលមានអ្នកស្លាប់លើសពី 1សែននាក់ដោយសារវីរុសនេះ មានចំនួន 4ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងប្រទេសម៉ិកស៊ិក។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអះអាងថានឹងធ្វើគ្រប់យ៉ាងដើម្បីរកឱ្យឃើញប្រភពនៃសត្វដែលបានចម្លងវីរុស Covid-19 មកមនុស្ស។ លោកថ្លែងថា ការយល់ដឹងអំពីវា គឺជាគន្លឹះដើម្បីទប់ស្កាត់រោគរាតត្បាតនៅថ្ងៃអនាគត។ ក្រៅពីនេះ លោក Tedros ក៏បានអំពាវនាវឱ្យគ្រប់ភាគី បញ្ឈប់ការលាបពណ៌គ្នា ឬការចោទប្រកាន់ទៅលើការដែល WHO ស្វែងរកជំនួយពីចិនដើម្បីស៊ើបអង្កេតលើប្រភព Covid-19៕
ប្រភព៖ Reuters, Worldometers