នៅល្ងាចថ្ងៃទី 30 ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់មួយទាក់ទងនឹងបញ្ហា Covid-19 ក្នុងនោះមានការស្នើឱ្យផ្អាកការជួបជុំមនុស្សដែលមានចំនួនច្រើនជាងម្ភៃនាក់ រួមទាំងពិធីរៀបការផងដែរ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលសារព័ត៌មានក្នុងស្រុកទទួលបាន និងបានចុះផ្សាយ បញ្ជាក់ថា ការផ្អាកការជួបជុំខាងលើនេះ ត្រូវធ្វើឡើងរយៈពេល 15 ថ្ងៃ ដោយរាប់ចាប់ពីពេលនេះតទៅ។ បទបញ្ជានេះ សំដៅទៅលើរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សម្រាប់ការជួបជុំដែលមានមនុស្សចាប់ពី 20 នាក់ចុះក្រោយ អាចធ្វើទៅបាន ប៉ុន្តែ ត្រូវតែធានាឱ្យបានថា នឹងប្រព្រឹត្តទៅដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងនោះមានដូចជា ការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស ឬសម្អាតដៃដោយអាល់កុល ឬសាប៊ូ។ល។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 323 នាក់ ក្នុងនោះមាន 22 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង 301 នាក់ទៀតបានជាសះស្បើយ។
ដោយឡែក នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសនេះសរុប 63,087,137នាក់ ក្នុងនោះមានអ្នកស្លាប់ 1,465,368 នាក់ អ្នកបានជាសះស្បើយ 43,557,257 នាក់ ខណៈដែលអ្នកកំពុងផ្ទុកវីរុសមានចំនួន 18,064,512 នាក់៕