ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យផ្អាកដំណើរការស្ថាប័ន និងទីតាំងកម្សាន្តមួយចំនួនដែលស្ថិតក្រោមឱវាទរបស់ក្រសួងនេះជាបណ្ដោះអាសន្ន។
នៅថ្ងៃទី 30 ខែវិច្ឆិកានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យដឹងថា ក្រសួងសម្រេចឱ្យផ្អាកដំណើរការរោងភាពយន្ត រោងសម្តែងសិល្បៈគ្រប់ប្រភេទ រួមនឹងសារមន្ទីរនៅទូទាំងប្រទេស រយៈពេល14ថ្ងៃ។ បទបញ្ជានេះត្រូវបានអនុវត្តចាប់ពីថ្ងៃ 30 ខែវិច្ឆិកានេះតទៅ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា ស្ថាប័ន និងភាគីពាក់ព័ន្ធ មានដូចជា មន្ទីរវប្បធម៌រាជធានី-ខេត្ត សាធារណជន សមាគមបគ្គុទ្ទេសទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងអ្នកទេសចរណ៍ ត្រូវតែអនុវត្តតាមការណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមរំលឹកថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងវីរុស Covid-19 នៅក្នុងសហគមន៍កម្ពុជាជាលើកដំបូង ដែលករណីនេះត្រូវបានសម្ដេចតោជោ ហ៊ុន សែន ដាក់ឈ្មោះឱ្យថា “ព្រឹត្តិការណ៍ 28 វិច្ឆិកា” ហើយព្រឹត្តិការណ៍នេះដែរ មានជាប់ទាក់ទងនឹងករណីឆ្លង Covid-19 របស់គ្រួសារលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារជាតិ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 323 នាក់ ក្នុងនោះមាន 22 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង 301 នាក់ទៀតបានជាសះស្បើយ។
ដោយឡែក នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសនេះសរុប 63,066,166 នាក់ ក្នុងនោះមានអ្នកស្លាប់ 1,465,048 នាក់ អ្នកបានជាសះស្បើយ 43,542,378 នាក់ ខណៈដែលអ្នកកំពុងផ្ទុកវីរុសមានចំនួន 18,058,740 នាក់៕