តាមរយៈបណ្ដាញសង្គម ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានធ្វើតេស្តរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 1ករណីទៀតកាលពីថ្ងៃទី 27វិច្ឆិកា ដែលនេះបាននាំឱ្យតួលេខសរុបនៃអ្នកបានឆ្លងវីរុសនេះនៅកម្ពុជា កើនដល់ 308 នាក់។
ករណីវិជ្ជមាននឹងវីរុស Covid-19 ថ្មីនេះ បានកើតឡើងចំពោះស្ត្រីជនជាតិខ្មែរ-អាមេរិកាំង មានអាយុ62ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកជំងឹនេះបានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី 26វិច្ឆិកា។ បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាទីក្រុងភ្នំពេញ។
ក្រុមអ្នកដំណើរចំនួន 73នាក់ដែលបានរួមដំណើរនៅក្នុងជើងហោះហើរជាមួយនឹងស្ត្រីខាងលើ កំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល 14ថ្ងៃ នៅក្នុងសណ្ឋាគារមួយចំនួននៅភ្នំពេញ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន។
គិតត្រឹមព្រឹកថ្ងៃទី 28វិច្ឆិកា ឆ្នាំ 2020 នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស Covid-19 សរុប 308នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន 299នាក់ និង 9នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែក នៅទូទាំងពិភពលោក តួលេខនៃករណីឆ្លងវីរុស Covid-19 បានកើនឡើងដល់ 61,967,331នាក់ ក្នុងនោះមានអ្នកស្លាប់ 1,448,287នាក់ អ្នកជាសះស្បើយ 42,783,713នាក់ និង 17,735,331នាក់ទៀងកំពុងសម្រាកព្យាបាល។ ក្នុងចំណោមអ្នកជំងឺដែលកំពុងទទួលការព្យាបាល គឺមាន105,223នាក់កំពុងប្រឈមនឹងការបាត់បង់ជីវិត៕