តាមរយ:ឧប្បត្តិហេតុជាច្រើនដងដែលតែងតែកើតឡើងនៅក្នុងហាងផ្សារទំនើបធំៗ និងភាគច្រើនៗកើតឡើងចំពោះកុមារតូចៗដោយសារតែស្ថិតក្នុងវ័យដ៏សែនរពឹស និងឪពុកម្តាយមិនបានប្រុងប្រយ័ត្នផងនោះ ទើបធ្វើឱ្យកើតឧប្បត្តិហេតុដែលមិននឹកស្មានដល់ឡើងបាន។ ដូច្នេះការបង្ហាត់ ឬប្រាប់កូនឱ្យចេះប្រុងប្រយ័ត្នជាមុននោះ គឺជាវិធីការពារបញ្ហាជាមុនដ៏ល្អបំផុតមួយ។ នៅក្នុងទស្សនាវដ្តី ឡារ៉ែនលេខនេះ យើងនាំគ្នាមកមើលថា នៅពេលដែលចង់នាំកូនៗទៅលេងផ្សារទំនើប តើមានរឿងអ្វីខ្លះដែលលោកឪពុកអ្នកម្តាយត្រូវប្រយ័ត្ន?
1 . ជណ្តើរយន្ត
ត្រូវធ្វើ :
- -ចាប់កាន់ដៃកូនតូចជាប់ជានិច្ច ខណ:ពេលឡើងជណ្តើរយន្ត។ ឱ្យកូនឈរបែរមុខទៅរកទិសស្របគ្នានឹងការរំកឹល(ឡើង ឬចុះ)របស់ជណ្តើរ។
- ពិនិត្យមើលភាពរៀបរយរបស់សម្លៀកបំពាក់កូន ដូចជាជាយអាវ ជើងខោ ឬជាយសំពត់ ខ្សែចងស្បែកជើង -ល- ថាតើមានផ្នែកណាមួយត្រូវកៀបជាប់នៅក្នុងធ្មេញរបស់កាំជណ្តើរយន្តឬអត់?។
- នៅពេលកើតហេតុបន្ទាន់ ដូចជាជណ្តើរយន្តកំពុងកៀបកូន ឬទាញជាយខោអាវ ឬខ្សែស្បែកជើងកូនចូលទៅនោះ ចូរចុចកុងតាក់បញ្ឈប់ជណ្តើរយន្តជាបន្ទាន់(នៅជាប់នឹងបង្កាន់ដៃនៃកាំទី1)ភ្លាម។ បើស្ថិតនៅឆ្ងាយមិនអាចចុចដោយខ្លួនឯងបាន ត្រូវប្រញាប់ប្រាប់បុគ្គលិករបស់ហាង ឬអ្នកឡើងជណ្តើយន្តជាមួយគ្នា ឱ្យគេជួយចុចឱ្យក៏បាន។
មិនត្រូវធ្វើ :
- កុំឱ្យកូនអង្គុយ ឬលេង ខណ:ពេលកំពុងឡើងជណ្តើរយន្ត (សូម្បីតែការឈរបែរខ្នងដាក់ជណ្តើរក៏មិនគួរធ្វើដែរ) ព្រោះវាអាចប្រថុយនឹងការត្រូវកៀបដៃ ឬជើងបានយ៉ាងងាយ។
- ចៀសវាងការយករទេះកូនក្មេងឡើងតាមជណ្តើរយន្ត តែត្រូវឡើងតាមជណ្តើរយន្តប្រអប់ជំនួសវិញ ព្រោះវាអាចនឹងកើតឧប្បត្តិហេតុ ដូចជារទេះរុញកូនអាចនឹងរបូតពីដៃ រអិលធ្លាក់ទៅក្រោម នាំឱ្យកើតមានគ្រោះថ្នាក់ដល់កូនបាន។
2 . ជណ្តើរយន្តប្រអប់
ត្រូវធ្វើ :
- -ការរង់ចាំឡើងជណ្តើរយន្តប្រអប់យ៉ាងមានសុជីវធម៌ និងមានសុវត្ថិភាពនោះគឺ ឈរតម្រង់ជួរគ្នាមុខ-ក្រោយ។ បើមានមនុស្សរង់ចាំច្រើនពេក អាណាព្យាបាលដែលមានកូនតូចគួររង់ចាំឡើង ឬចុះលើកក្រោយ(បន្ទាប់ទៀត)ក៏បាន ព្រោះការចូលទៅប្រជ្រៀតគ្នាណែននៅក្នុងប្រអប់ជណ្តើរយន្តនោះ អាចធ្វើឱ្យជណ្តើរយន្តគាំងនៅមួយកន្លែង ឬអាចបង្កជាហេតុគ្រោះថ្នាក់អ្វីផ្សេងៗបាន។
- អ្នកម្តាយត្រូវចាំសង្កេតមើល និងប្រាប់កូនកុំឱ្យឈរផ្អែកទ្វារប្រអប់ជណ្តើរយន្ត។
- នៅពេលកើតហេតុរអាក់រអួលផ្សេងៗ ដូចជាជណ្តើរយន្តប្រអប់គាំងនៅមួយកន្លែង ជាដើម លោកឪពុកអ្នកម្តាយត្រូវតាំងស្មារតី ពិនិត្យមើលផ្ទាំងសញ្ញាបញ្ជា(នៅជិតមាត់ទ្វារជណ្តើរយន្ត)ដែលតែងមានកុងតាក់មួយដែលសរសេរថា Emergency Call ចូរចុចកុងតាក់មួយនោះ ដើម្បីប្រាប់ទៅបុគ្គលិករបស់ហាងឱ្យដឹង និងជាការសុំជំនួយ។
មិនត្រូវធ្វើ :
- -មិនត្រូវបណ្ដោយឱ្យកូនតូចហក់លោត រត់លេងប្រឡែងគ្នានៅក្នុងប្រអប់ជណ្តើរយន្ត ឬចុចកុងតាក់ឡើង-ចុះលេងនោះទេ ព្រោះអាចបណ្ដាលឱ្យជណ្តើរយន្តមានបញ្ហា និងអាចគាំងដំណើរការ។
- ខណ:ពេលរង់ចាំ មិនគួរនាំកូនតូចទៅឈរនៅជិតមាត់ទ្វារពេកទេ ព្រោះអាចនឹងត្រូវបុកដោយអ្នកដែលនៅខាងក្នុងពេលដែលទ្វារជណ្តើរយន្តបើកឡើង ដែលនឹងធ្វើឱ្យដួល និងទទួលគ្រោះថ្នាក់បាន។
- រឿងដែលត្រូវដឹង និងចាំទុកនោះគឺ ពេលមានទឹកលិច ផ្លេកបន្ទោរ រន្ទះ រញ្ជួយផែនដី និងអគ្គិភ័យ មិនត្រូវប្រើជណ្តើរយន្តប្រអប់ជាដាច់ខាត។
3 . ទ្វារ និងកម្រាលឥដ្ឋ
ត្រូវធ្វើ :
- -ពេលដើរចេញ ឬចូលតាមមាត់ទ្វារ ត្រូវឱ្យកូននៅចំកណ្តាលមាត់ទ្វារ ដោយមានលោកឪពុក ឬអ្នកម្តាយនៅក្បែរចាប់ដៃកូន ឬលើកកូនពក៏បានដែរ។
- ពេលដើរនៅក្នុងហាង នៅក្នុងទីកន្លែងដែលស្រឡះៗក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះអាចនឹងមានវត្ថុដែលដាក់ពាំងពីមុខដែលយើងមិនបានមើលឃើញ ឬក៏មានទឹកដក់នៅលើកម្រាលឥដ្ឋ ជាដើម ដែលអាចធ្វើឱ្យកូនដើរបុក ឬរអិលដួលបាន។
មិនត្រូវធ្វើ :
- មិនថាកន្លែងណាក៏ដោយនៅក្នុងហាង សូមកុំបណ្តោយឱ្យកូនរត់លេងស្រេចតែចិត្តតែម្នាក់ឯងឱ្យសោះ ជាពិសេសនៅមុខមាត់ទ្វារចេញចូល ព្រោះបើសិនជាទ្វារដែលបើក-បិទដោយស្វ័យប្រវត្តិផងនោះ អាចនឹងធ្វើឱ្យកូនត្រូវទ្វារកៀបបាន។
4 . ទូថ្នាក់ៗដាក់ទំនិញ
ត្រូវធ្វើ :
- ក្នុងពេលដែលអ្នកម្តាយកំពុងដើររើសទិញទំនិញនៅក្នុងផ្សារទំនើប បើមានមនុស្សធំទៅជាមួយដែរ អ្នកម្ដាយអាចឱ្យអ្នកមកជាមួយនោះនាំក្មេងៗទៅលេងនៅកន្លែងរង់ចាំ ឬក្នុងភោជនីយដ្ឋានណាមួយ រង់ចាំឱ្យអ្នកម្តាយទិញឥវ៉ាន់រួចសិន សឹមជួបគ្នាវិញ។ តែបើសិនគ្មានអ្នកជួយមើលទេនោះ គួរឱ្យកូនតូចអង្គុយនៅក្នុងរទេះសម្រាប់កូនក្មេង ឬរទេះដើរទិញឥវ៉ាន់ទៅជាមួយគ្នាក៏បានដែរ។
មិនត្រូវធ្វើ :
- មិនគួរនាំកូនដើរនៅកន្លែងដែលមានការសម្តែងអ្វីម្យ៉ាង កន្លែងដាក់តាំង ឬកន្លែងដាក់លក់ទំនិញ ឬផលិតផលណាដែលងាយបែកបាក់ឡើយ ជាពិសេសគ្រឿងកែវចាន។
- ចូរប្រយ័ត្នកន្លែងណាដែលមានទូថ្នាក់ៗដាក់ទំនិញច្រើនជ្រុលពេក និងខ្ពស់ៗ ដោយមិនត្រូវឱ្យកូនដើរទៅជិតទីនោះឡើយ។
5 . រទេះដាក់ឥវ៉ាន់
- ការប្រើប្រាស់រទេះដាក់ឥវ៉ាន់ គឺជួយសម្រាលបន្ទុកក្នុងការយួរ ឬកាន់របស់របរផ្សេងៗ ងាយស្រួលក្នុងការដើររើសទិញទំនិញ តែជាញឹកញាប់ណាស់ដែលយើងសង្កេតឃើញថា រទេះដាក់ឥវ៉ាន់ បានក្លាយជារទេះដឹកកូនក្មេងតូចៗ ដូច្នេះអ្វីដែលត្រូវប្រយ័ត្នឱ្យបានខ្លាំងបំផុតនោះគឺ ការប្រយឹតប្រតោងលេង លោតឡើងចុះ និងក្រោកឈរដើម្បីស្រវាចាប់យកឥវ៉ាន់ ឬរបស់របរផ្សេងៗរបស់កូនៗ ព្រោះវាអាចធ្វើឱ្យកើតឧប្បត្តិហេតុបានយ៉ាងងាយ។
ដូច្នេះ គោលការណ៍ងាយៗដែលគួរប្រត្តិបត្តិនោះគឺ កុំឱ្យកូនរបូតផុតពីខ្សែភ្នែកយើងឱ្យសោះ ព្រោះត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ឧប្បត្តិហេតុអាចនឹងកើតឡើងបានជានិច្ច។ ពេលនាំកូនៗទៅលេងហាងផ្សារទំនើប លោកឪពុកអ្នកម្តាយត្រូវតែធ្វើជាអ្នកសង្កេតការណ៍ ភ្នែករហ័ស ត្រចៀករហ័ស ដឹងជាមុន ប្រយ័ត្នជាមុន ដើម្បីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់៕